ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និងលោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ (Mr. Gareth Tan, Managing Director of Lee’s Food Service Ltd.)ព្រមទាំងសហការីបានចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោងក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។
ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់នូវអនុសាសន៍មួយចំនួនដល់ ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដហើយជាពិសេសគឺ លោកបណ្ឌិតប្រតិភូសូមអោយក្រុមហ៊ុនធ្វើយ៉ាងណាដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ដែលប្រកបដោយគុណភាព អនាម័យនិងតម្លៃសមរម្យដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្ម។
សូមបញ្ជាក់ថា ក្រុមហ៊ុន លីហ្វ៊ូដ បានបើកដំណើរការតាំងពីឆ្នាំ ២០១០ ហើយក៍ ជាក្រុមហ៊ុនដែលនាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយក្នុងវិស័យម្ហូបអាហារ។