នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកតំបែរ លោក វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ លោក លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ។
លោក បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។
លោក បានកត់សម្គាល់ពីការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ។លោកសង្ឃឹមថា រាជរដ្ឋាភិបាល ព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តន៍គោលនយោបាយនេះ អោយទទួលមានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម ដើម្បីជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ស្របពេលនោះដែរ លោក សំណូមពរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាកសិករ ត្រូវតែសហការគ្នាអោយបានល្អក្នុងការបង្កើនផលកសិកម្ម ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញពាក់ព័ន្ធនានា ដើម្បីជៀសវាងការខាតបង់ និងហានិភ័យផ្សេងៗ។
ជាចុងក្រោយលោក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។
លោក វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំទាំងអស់ បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិការនៃពិធីសំណេះសំណាលប្រមាណជា១៥៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល និងបានឧបត្ថម្ភសាលាស្រុកតំបែរចំនួន ១លានរៀលផងដែរ។