ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត

ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសរំលេចតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី ជាបន្តបន្ទាប់ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមចែករំលែកវប្បធម៌ជាមួយគ្នាលើវេទិកាអន្តរជាតិមួយនេះ។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលបុព្វបុរសរបស់យើង បានបន្សល់ទុកឱ្យ ស្មើៗគ្នា ដូចៗគ្នា។ កន្លងមក មិនថាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រឹត្តិការណ៍សាទរកម្ពុជា ឬកម្មវិធីវប្បធម៌ដទៃទៀត ដែលយុវជន យុវនារី សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ និងចូលរួមនោះទេ គឺសុទ្ធតែបានកើតចេញក្តីស្រឡាញ់សម្រាប់កម្ពុជា ទឹកចិត្ត ឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងភាពជាខ្មែរដើម្បីរក្សាថែរកេរតំណែលដ៏រុងរឿងរបស់យើង។

ង្នាក់ដឹកនាំក្រសួងខាងលើ បានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ កម្ពុជានាំយកចំណែកមួយនៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត។ លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការិនី និងក្រុមការងារទាំងអស់ បានតាំងចិត្តយ៉ាងក្លៀវក្លា ហាត់សមយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។

បន្ថែមលើការថែរក្សា និងការពារ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរយើងគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់៕​ ដោយ៖ កន ចំណាន