(សៀមរាប)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយ កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
កម្មវិធីនេះរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ឃឺស្ទី ហារីស ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះ មានចំនួនប្រមាណ ១៨០នាក់ ដែលរួមមាន សភាពាណិជ្ជកម្ម សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មន្ទីរ ស្ថាប័នជុំវិញខេត្តសៀមរាប អយ្យការអមសាលាដំបូងខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តឧត្តរមានជ័យ ព្រមទាំងអាជីវករ ម្ចាស់សហគ្រាសអាជីវកម្មដែលជាស្ត្រីនិងអ្នកទទួលបានសេវាគ្រាំទ្រតិចតួច សាស្រ្តាចារ្យ និងនិស្សិត។
គោលបំណងសំខាន់គឺ លើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗខាងលើអំពីច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងជំរុញកិច្ចសន្ទនា សម្របសម្រួលវេទិកាសម្រាប់ការចូលរួមរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំណត់ឱ្យឃើញពីតម្រូវការនៃការគាំទ្រទាក់ទងនឹងការអនុវត្តច្បាប់ ជាពិសេសបានធ្វើការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ឱ្យទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល៕