លោក សោម កែវម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានចាត់ទុកថា ទៅថ្ងៃអនាគតក្រុងបាវិតខេត្តស្វាយរៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមិនខាន ដោយសារតែបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងតែពង្រីក និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ពង្រីកផ្លូវជាតិលេខ១ ពីចន្លោះគីឡូម៉ែត្រលេខ១៥៩ ដល់លេខ១៦៤ ហើយបានសាងសង់ជិតពាក់កណ្តាលហើយនៅលើផ្លូវ ៦០ ម៉ែត្រតភ្ជាប់ទៅច្រកព្រំដែនបាវិតដែលជាចំណុចល្អមួយ ព្រោះមានផ្លូវក្រវ៉ាត់ព្រំដែនទំហំ៣០ ម៉ែត្រ និងភ្ជាប់ផ្លូវល្បឿនលឿនទៀតផង។
លោកបានមានប្រសាសន៍ថា ខេត្តស្វាយរៀងនឹងក្លាយជាក្រុងមួយដ៏សំខាន់ ហើយជាតំបន់ឧស្សាហកម្មពាណិជ្ជកម្ម និងជាកន្លែងសម្រាប់ស្តុកទុកទំនិញឆ្លងកាត់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមដែលជាច្រកពាណិជ្ជកម្មមួយដ៏សំខាន់របស់កម្ពុជាទៅថ្ងៃអនាគត។
លើសពីនេះអ្នកជំនាញបន្ថែមថា បច្ចុប្បន្នក្រុងបាវិតមានក្រុងរណបធំៗចំនួន២ គឺទី១ ទីក្រុងរណប ហេង ហេង និងទី២ ក្រុងរណប Empire World និងអគារកាស៊ីណូ អគារពាណិជ្ជកម្ម និងរោងចក្រថ្មីៗទៀតត្រូវបានបង្កើតឡើងជាហូរហែផងដែរ។
ក្រុមហ៊ុនមកពីប្រទេសចិនចំនួន៣ក្រុមហ៊ុនបានប្រកាសសាងសង់ទីក្រុងរណបនៅក្រុងបាវិតខេត្តស្វាយរៀង ខណៈដែលថ្មីៗនេះរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿននៅទីនោះ។ ក្រុមហ៊ុនចិនចំនួន៣ បានប្រកាសបង្កើតទីក្រុងរណបលើទំហំប្រមាណ ៨០៣ហិកតា នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលជំហានដំបូងលើផ្ទៃដីទំហំ ៥០ហិកតា ឈ្មោះ OBC ជាគម្រោងបែបអាជីវកម្មអនឡាញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទូលំទូលាយ។
អ្នកជំនាញខាងលើអះអាងថា ក្រុងបាវិតនឹងមានការរីកចម្រើនឆាប់រហ័សដូចគ្នានឹងខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ដោយសារដ្ឋាភិបាលបានដាក់បញ្ចូលទីក្រុងនេះក្នុងគោលនយោបាយអភិវឌ្ឍន័ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មលំដាប់អន្តរជាតិ។
ហេតុផលមួយដែលអ្នកជំនាញគួរបញ្ជាក់នោះគឺ កត្តាភូមិសាស្រ្តល្អប្រសើរគួបផ្សំនឹងគោលនយោបាយអភិវឌ្ឈន៍និងលើកទឹកចិត្តវិនិយោគដល់វិនិយោគិនបាននិងកំពុងធ្វើឲ្យក្រុងបាវិតទាក់ទាញការវិនិយោគជាច្រើន ពិសេសអ្នកវិនិយោគចិន។
ក្រុមហ៊ុន Empire World និងសហការជាមួយក្រុមហ៊ុនចំនួន ២ផ្សេងទៀតមកពីប្រទេសចិននេះ ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីទំនើបមានលក្ខណៈស្ដង់ដារអន្តរជាតិ ដែលរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសគាំទ្រជាផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព លើផ្នែកបច្ចេកវិទ្យាដល់បណ្ដាក្រុមហ៊ុនវិនិយោគនានាដូចជា ក្រុមហ៊ុនកាស៊ីណូនិងល្បែងភ្នាល់តាមអ៊ីនធឺណេតជាដើម។