ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី បានប្ដេជ្ញាបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាពិនិត្យមើលសក្តានុពលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែល្អប្រសើរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរាជទូត ដោយបានរម្លឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ម៉ាឡេស៊ី ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមកដល់បច្ចុប្បន្ននេះ ជាពិសេសលើវិស័យអប់រំ យុវជន និងកីឡា ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈកម្មវិធី អាហារូបករណ៍ ការផ្លាស់ប្ដូរនិស្សិត ការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ក្នុងកម្មវិធីជាច្រើននៅប្រទេសម៉ាឡេស៊ី ដូចជា កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងអាស៊ាន (ASEAN YOUTH LEADERS SUMMIT), Malaysia International Youth Exchange 2016, សន្និសីទស្តីពី ស្ត្រីនៃបណ្តាប្រទេសអាស៊ានក្នុងវិស័យកីឡា ឆ្នាំ២០២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបីស្តីពី ធុរកិច្ចសង្គម (ASEAN+3 Youth Social Business Summit 2018) និងកម្មវិធីជាច្រើនផ្សេងៗទៀត។
លើកឡើងក្នុងឱកាសនេះដែរ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបានរម្លឹកដល់អនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាស្តីពី កិច្ចសហប្រតិបត្តិការវិស័យឧត្តមសិក្សា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីជំរុញការបោះពុម្ភការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំការអភិវឌ្ឍកម្មវិធីសិក្សារួមគ្នា និងសកម្មភាពផ្សេងទៀតដូចជា សន្និសីទ ការបង្រៀន សិក្ខាសាលា និងការអភិវឌ្ឍកម្មវិធីបង្រៀន ដោយបានគូសបញ្ជាក់ចំណាប់អារម្មណ៍ក្នុងការបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរបន្ថែមទៀត។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលម៉ាឡេស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដល់កម្ពុជានាពេលកន្លងមក លើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ និង Exchange Program ដល់និស្សិតកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្ស និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែតែរឹងមាំ ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសបន្តពង្រឹងនិងពង្រីកឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕