ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​២០ មិថុនា ១៩៧៧៖ជាថ្ងៃទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត

​ចំណុច​ទី​១៖
​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១ វេលា​ម៉ោង ២១:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់ គឺ នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម ស្រ៊ាង (​ហៅ​សាញ់​) និង វ៉ា ប៉ោ​អ៊ា​ន ចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ ក្នុងការ​រំដោះជាតិ ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។
​ដោយសារ​ប្រទេស​ទាំងពីរ ស្ថិតក្នុង​ស្ថានភាព​មាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយគ្នា វៀតណាម​លំបាក​បែងចែក​រវាង​ជនភៀសខ្លួន និង​ទាហាន​ខ្មែរក្រហម ដែលមាន​បំណង​ចូលទៅ​វាយឆ្មក់​។

​ដោយបាន​គិតដល់​បញ្ហា​នេះ ជាមុន សម​មិត្ត ហ៊ុន សែន បានសម្រេច​ចិត្ត​យកតែ​មនុស្ស​បួន​នាក់​ទេ ទៅជា​មួយ ព្រោះ​ក្រុម​ធំ​មួយ​នឹង​បង្ក​ការយល់ច្រឡំ​ថា ជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត អាច​បណ្តាលអោយ​ការវាយប្រហារ​ពី​វៀតណាម​។

ធម្មជាតិ ក៏បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើដំណើរ ដោយ​ចន្លោះ​វេលា​ម៉ោង ២២:០០​នាទី ដល់​វេលា​ម៉ោង ០១:០០​នាទី រំលង​អា​ធ្រា​ត្រ មាន​ភ្លៀង​ផ្លេកបន្ទោរ និង​ផ្គរលាន់ ម្យ៉ាង​ត្រូវការ​ពុះពារ​ទ្រាំទ្រ​នឹង​អាកាសធាតុ​ដ៏​លំបាក ប៉ុន្តែ​ម្យ៉ាងទៀត​ក៏​អាចធ្វើ​អោយមាន​សុវត្ថិភាព​ការពារ​ខ្លួន ក្នុងពេល​ធ្វើដំណើរ​នេះ​។

ទីតាំង​ដែល​សម​មិត្ត ហ៊ុន សែន និង​ក្រុម​ឆ្លងកាត់​ពី​ខាង​កម្ពុជា គឺ​នៅត្រង់​ពាំង​ខ្ត័​រ និង​អាង​ដាច់​ដែល មាន​ដើម​ទ្រយឹង​ធំ​ស្កឹមស្កៃ​នៅក្បែ​នោះ​។ នៅ​ទល់​ខាងមុខ គឺជា​ស្រុក​ទុក​និ​ញ ក្នុង​ខេត្ត​សុង​ប៊ែ​រ របស់​វៀតណាម​។

​មុនពេល​ឈាន​ជើង​ចូលក្នុង​ទឹកដី​វៀតណាម សម​មិត្ត ហ៊ុន សែន បាន​បែរ​មុខមក​ខាង ទឹកដី​កម្ពុជា ទាំង​ទឹកភ្នែក ដោយនិយាយ​ក្នុង​ចិត្ត​ថា អាយុ ១៣​ឆ្នាំ បែក​ពី​ស្រុកកំណើត ដោយ​អត់​សាលារៀន អាយុ ២៥​ឆ្នាំ​បែក​ពី​ប្រទេស​ដោយ​ពួក​ឃាតក​។​

​ចំណុច​ទី​២៖
​វេលា​ម៉ោង ០២:០០​នាទី ទៀបភ្លឺ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន បាន​ដើរចូល​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ទៅក្នុង​ទឹកដី​វៀតណាម​។ អ្នក​ទាំងអស់គ្នា ក៏បាន​សម្រាក​រង់ចាំ​ពេល​ភ្លឺ ដើម្បី​កំណត់​ទិសដៅ សម្រាប់​បន្តដំណើរ និង​ពុំមាន​អ្វី​ទទួលទាន​នោះឡើយ​។

​សំណួរ​មួយចំនួន ដែល​សម​មិត្ត ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវស្លាប់​នៅពេល​ឆ្លង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ការ​ជាន់មីន ឬ​ដោយ​កងការពារ​ព្រំដែន​របស់​វៀតណាម ឬទេ​? តើ​អាច​ត្រូវ​ជាប់គុក ដោយសារ​ការឆ្លង​ដែន​ខុសច្បាប់ ឬទេ​? តើ​វៀតណាម​ជឿ ហើយ​សុខចិត្ត​ជួយ​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ​? ក្នុងពេលដែល​វៀតណាម កំពុងមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ​? សំណួរ​ចុងក្រោយ គឺ​តើ​វៀតណាម អាច​ចាប់បញ្ជូន​មកអោយ ប៉ុល ពត វិញ ឬទេ​?

​ការចាកចេញ​នេះ ជាការ​ចាកចេញ​ដោយ​ការឈឺចាប់ តែ​មោះមុត​ចោល​ទឹកដី​កំណើត ចោល​ភរិយា ដែលមាន​ផ្ទៃពោះ ៥​ខែ​។ សម​មិត្ត​ពិតជា​មានការ​លំបាក​ខាង​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​គិតដល់​ផលវិបាក អាច​កើតមាន​ចំពោះ​ភរិយា ដែល​កំពុង​ស្ថិតនៅក្នុង​ក្រញាំ​ឃោរឃៅ​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ​។

​នោះ​ជា​ពេលដែល​សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើការ​តស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពី​ការចូលរួម​ក្នុង​កងកម្លាំងប្រដាប់អាវុធ​នៃ​ចលនា​រំដោះជាតិ រហូតដល់​ពិការភ្នែក​ម្ខាង​នៅ​ឆ្នាំ​១៩៧៥​។

​ដោយ​នៅមាន​ភ្លៀង​តិចៗ និង​មេឃ​នៅ​ធ្លាក់​អ័ព្ទ​ជាច្រើន លំបាក​រក​ទិស​អោយចំ ដោយ​ពុំមាន​ត្រីវិស័យ ដូចនេះ ត្រូវ​រងចាំ រហូត​ដល់ពេល​ភ្លឺ​ច្បាស់​ថ្ងៃ​រះ ទើប​ចេញដំណើរ នៅ​ម៉ោង​ប្រមាណ ០៨:០០​នាទី​ព្រឹក​។

​សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​សម្លឹង​មើលទៅ​ទិស ដែល​ព្រះអាទិត្យ​រះ នោះ​គឺ​ទិសខាងកើត ជា​ទិស​តែមួយគត់ ដើម្បី​ធ្វើដំណើរ​ទៅដល់​ប្រទេស​វៀតណាម​។​

​ចំណុច​ទី​៣៖

ក្រោយពី​ធ្វើដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​ជិត ៦​គីឡូម៉ែត្រ វេលា​ម៉ោង ១១:០០ នាទី ជិត​ថ្ងៃត្រង់ ក្រុម​សម​មិត្ត ហ៊ុន សែន បាន​ទៅ​ជួប​ផ្លូវលំ​មួយ​ក្រាល​គ្រួស​ក្រហម ក៏បាន​សម្រេច​លាក់​អាវុធ រួច​រៀបចំ​ដាំបបរ​ដោយ​អង្ករ ដែល​នៅសល់​ក្នុង​ទៃ​បន្តិចបន្តួច រួច​បន្តដំណើរ​តាមផ្លូវ​ថ្នល់ ទៅរក​ជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម​។

​ហេតុអ្វី​បានជា​ក្រុម​សម​មិត្ត​សម្រេច​ធ្វើដំណើរ​ដោយ​លែងយក​អាវុធ​តាម​ខ្លួន​? នេះ​ជាការ​គិតគូរ​ដ៏​ឈ្លាសវៃ ព្រោះ​អោយតែ​ឃើញ​មាន​មនុស្ស​កាន់​អាវុធ​ឆ្លងដែន គឺ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ឬ​កងឈ្លប អាច​នឹង​ផ្ទុះអាវុធ​ភ្លាម ជីវិត​របស់​សម​មិត្ត និង​ក្រុម​យុទ្ធ​មិត្ត មិនអាច​ធានា​បានឡើយ​។​

​ចំណុច​ទី​៤៖
​វេលា​ម៉ោង ១៤:០០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៧ សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​ដើរ​ទៅដល់​ភូមិ​វៀតណាម​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​។ ពេល​ប្រទះ នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម ដែល​កំពុងធ្វើដំណើរ សម​មិត្ត ហ៊ុន សែន ដើរ​សំដៅ ហើយ​កម្មករ​នោះ ក៏​អោយ​ក្រុម​សម​មិត្ត រង់ចាំ​នៅ​ទីនោះ​សិន​។

​បន្ទាប់មក កម្មករ​បាន​នាំ​កម្លាំង​ស្វ័យការពារ​វៀតណាម មកដល់ ដោយមាន​អាវុធ​មកជា​មួយ​ផង​។
​ដំបូង វៀតណាម​សង្ស័យ​ទៅលើ​ជនកម្ពុជា​ទាំង​ប្រាំ​នាក់​នេះ ថា​ជា​ក្រុម​វាយឆ្មក់ ឬ​ក្រុម​ចារកិច្ច​របស់ ប៉ុល ពត ហើយ​បានធ្វើ​ការសាកសួរ​។​

​ចំណុច​ទី​៥៖
​ក្រោយពី​ចាប់ផ្តើម​ជឿជាក់​ខ្លះ លើ​ការអះអាង​របស់​សម​មិត្ត ហ៊ុន សែន ថា​មិនមែនជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត ទេ ភាគី​វៀតណាម ក៏បាន​ដាំបាយ​ឆ្នាំង​លេខ​១០ និង​ធ្វើ​ម្ហូប ជូន​សម្រាប់​មនុស្ស ៥​នាក់ ដែល​ធ្លាប់តែ​ហូប​បបរ​ជាង ១​ឆ្នាំ​ហើយ​។ ក្រោយពី​បានទទួល​ទាន​រួច ជនកម្ពុជា​ទាំង​ប្រាំ​រូប ត្រូវគេ​នាំ​ធ្វើដំណើរ​ចម្ងាយ ៤​គីឡូម៉ែត្រ ទៅដល់​ភូមិ​ឡាំង​ជីន នៅវេលា​ម៉ោង ១៦:៤៥​នាទី​។​

​ចំណុច​ទី​៦៖
​ជនកម្ពុជា​ទាំង​ប្រាំ ត្រូវបាន​សាកសួរ​ព័ត៌មាន​ម្តងទៀត នៅ​ទីនោះ ពី​សំណាក់​បញ្ជាការ​កងអនុសេនាធំ​ម្នាក់​របស់​វៀតណាម​។

​វេលា​ម៉ោង ១៧:១៥​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នក​ទាំង​ប្រាំ ត្រូវបាន​គេ​ដឹក​ក្នុង​រថយន្ត​ធុន​ធ្ងន់ ម៉ាក GMC ពី​ភូមិ​ឡាំង​ជីន ទៅដល់​ស្រុក​ឡុ​ក​និ​ញ នៅវេលា​ម៉ោង ១៨:០០​នាទី​។​

​ចំណុច​ទី​៧៖
​ក្រោយពី​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ដែលមាន​បាយ និង​បន្លែ​ត្រកួន​ហើយ សម​មិត្ត ហ៊ុន សែន ត្រូវគេ​បំបែក​ចេញពី​អ្នករួមដំណើរ​ទាំង​បួន​នាក់ ដែល​មក​ជាមួយគ្នា ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន​សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន​ទៀត​។​

​នោះ​គឺជា​ពេលវេលា ដែល​តានតឹង ភិតភ័យ​ជាង​ពេលណា​ទាំងអស់ សម្រាប់​អ្នក​ទាំង​បួន ដែល​ធ្វើដំណើរ​មកជា​មួយ​ដោយ​គិតថា គេ​អាច​យក​សម​មិត្ត ហ៊ុន សែន ទៅ​សម្លាប់ ឬ​ទៅណា​មិនដឹង ប្រសិនបើ​មិនឃើញ​ត្រឡប់មកវិញ​។

​ពួកគាត់​ទាំង​បួន មាន​អារម្មណ៍​ច្រាស់ច្រាល ទោះ​អស់កម្លាំង ក៏​ដេក​មិន​លក់ បក់​មិន​ល្ហើយ និង​រង់ចាំ​រហូត​សម​មិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេល​ជាង​ពាក់កណ្តាល​អា​ធ្រា​ត្រ ឆ្លង​ចូល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧​។

​ដោយសារ​ការសាកសួរ​ដេញដោល​ព័ត៌មាន ធានា​តាម​លំដាប់ថ្នាក់ ដែលមាន​ពី​ថ្នាក់ភូមិ ឃុំ រហូតដល់​ស្រុក​នេះ បានធ្វើអោយ​ភាគី​វៀតណាម ឃើញច្បាស់​នូវ​ឆន្ទៈ​មោះមុត និង​ជំហរ​ដាច់ខាត​របស់​ស​ម​មិត្ត ហ៊ុន សែន ក្នុង​គោលបំណង​ដ៏​មុត​ស្រួច គឺ​ឆ្ពោះទៅរក​ការ​កៀរគរ​កម្លាំង សម្រាប់​រំដោះជាតិ​មាតុភូមិ ប្រជាជន​ពីរ​បប​ប្រល័យពូជសាសន៍​។

​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន និង​អ្នករួមដំណើរ​ទាំង​បួន​នាក់ បាន ចេញដំណើរ​ទៅ​ខេត្ត​សុង​ប៊ែ​រ តាម​រថយន្ត​ដឹកអុស​។ វៀតណាម​កាន់តែ​ទទួលស្គាល់ថា សម​មិត្ត ហ៊ុន សែន មាន​ឋានៈ​ខ្ពស់​ជា​ថ្នាក់​បញ្ជាការ​វរ​សេនា​ធំ​ហើយ មិនមែនជា​ក្រុម ដែល ប៉ុល ពត បញ្ជូនមក​វាយឆ្មក់​វៀ​ត​ណា​ម​ទេ​។​

​ពី​ទីតាំង​កោះ​ថ្ម នា​រាត្រី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ បាន​ក្លាយជា​ទិវា​មួយ​ដ៏​សំខាន់ នៃ​របត់​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជា​ពេលវេលា ដែល​សម​មិត្ត ហ៊ុន សែន បានចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​កម្ពុជា អញ្ជើញ​ទៅកាន់​តំបន់​តស៊ូ​ទាំង ៧​ចំណុច នៅ​ទឹកដី​កម្ពុជា និង​នៅ​​ទឹកដី​វៀតណាម ដើម្បី​រំលឹក​ប្រវត្តិ​តស៊ូ​របស់​សម្តេច កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧៕