ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សលើកទី១៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាឆ្នាំ២០២៥ មានមនុស្សចូលរួមគាំទ្រ និងដង្ហែរាប់ពាន់នាក់។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុក្កតាយក្សនេះ បានឱ្យដឹងថា គម្រោងតុក្កតាយក្សនេះបានចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានផ្អាកពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ និងបានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងនៅឆ្នាំ២០២៣ ចាប់ផ្តើមដំឡើង និងដង្ហែក្នុងក្រុងសៀមរាបវិញ។
ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះគឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន និងកាបង្ហាញសត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំ ជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយកន្លងមក។
អ្នកគ្រប់គ្រងរូបនោះបានបញ្ជាក់ថា ដោយឡែកប្រធានបទសម្រាប់ឆ្នាំ២០២៥នេះគឺយើងរួមគ្នាបង្កើតសិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្តិ៍ ដោយក្មេងៗប្រមាណ៦៥០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុប១៩។ ហើយប្រភេទតុក្កតាយក្ស មានចំនួន០៩ រួមមាន ១. ទេពមច្ឆា ២. គ្រុឌ ៣. ហនុមាន (រចនាបថ បន្ទាយស្រី) ៤. នាគ (រចនាបថ បាយ័ន) ៥. តោ (រចនាបថ សំបូរព្រៃគុក) ៦. ព្រះគណេស ៧. នាងកន្ទរី ៨. មករ និងទី៩. អាសុរ (រចនាបថ បាយ័ន)។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលបានទៅចូលរួមក្នុងក្បួនដង្ហែនោះបានលើកឡើងថា សម្រាប់ពួកគាត់ គឺសប្បាយរីករាយខ្លាំងណាស់ដែលពួកគាត់បានចូលរួមដង្ហែក្បួនតុក្កតាយក្សនេះ ហើយមានអារម្មណ៍ថា សប្បាយៗចំពោះការបង្កើតកម្មវិធីតុក្កតាយក្ស ដើម្បីបង្ហាញពីអរិយធម៌ វប្បធម៌ និងចូលរួមអភិរក្ស ក៏ដូចជាបំផុសស្មារតីដល់យុវជនជំនាន់ឱ្យបានយល់បានស្គាល់ពីសិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្តិ៍ ដែលគេបានធ្វើជាតុក្កតាយក្ស ក្នុងគោលបំណងដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិសម្រាប់ទស្សនា និងឈ្វេងយល់ពីប្រភេទតួអង្គនីមួយផងដែរ។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញពីស្នាដៃរបស់ក្មេងៗ ដែលពួកគាត់បានលះបង់ពេលវេលាក្នុងការដំឡើង និងធ្វើជារូមតុក្កតាយក្សធំៗបែបនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទស្សនាកម្សាន្តនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង៕