ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាព ណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ក្នុងសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារ កែទម្រង់។
ឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគ មុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារ សាធារណៈ ជាសេនាធិការសម្របសម្រួល បាននិងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។
បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ ល្អៗ ដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ បន្ថែមថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែល មានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការ ពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែមានចំណុចដែល អាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។ ការវិភាគមុខងារ គឺជាឱកាស ជាជាងបន្ទុក។
គួររម្លឹកថា ក្រៅពីការសហការគ្នារវាងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន នីមួយៗ ជាមួយក្រសួងមុខងារ សាធារណៈ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលា ហើយ ចូលរួមដោយផ្ទាល់ ដើម្បីចែករំលែក និងធ្វើវឌ្ឍនភាពនៃព័ត៌មានជុំវិញការងារវិភាគមុខងារ ព្រមទាំងផ្តល់ ជាវេទិកា ដើម្បីជម្រះមន្ទិល និងស្វែងរកធាតុចូលនានា ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នសាមីនីមួយៗ បានសហការរៀបចំ៕