លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីជំរុញផលិតភាព បរិវត្តិកម្មនិងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងសន្និសីទទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ ឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” ដែលរៀបចំឡើងដោយវិទ្យាស្ថាន CDRI នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ លោក ហែម វណ្ណឌី បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើសមាហរណកម្មសហគ្រាសទាំងនោះទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗដែលជាការវិនិយោគផ្ទាល់ពីបរទេស (FDI)។ លោកបានលើកឡើងពីភាពចាំបាច់ក្នុងការជំរុញផលិតភាព តាមរយៈការអភិវឌ្ឍជំនាញ ការចាប់យកបច្ចេកវិទ្យា និងការកែលម្អគ្រឿងចក្រផលិតកម្ម ព្រមទាំងបានស្នើឱ្យមានការកែសម្រួលគោលនយោបាយ ដើម្បីពន្លឿនការចាប់យកស្វ័យប្រវត្តិកម្ម និងធានាថា ឧស្សាហកម្មកម្ពុជានឹងរក្សាបាននូវភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកបានជំរុញឱ្យវិស័យហិរញ្ញវត្ថុជួយគាំទ្រការតម្រង់ឆ្ពោះលើគោលដៅនេះ។