ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ៕