ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នឹងមានការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នាពេលខាងមុខនឹងមានការពង្រីកចំនួនទារកដ្ឋាននៅតាមបណ្តារោងចក្រនានា ដើម្បីជួយសម្រួលដល់ កម្មការិនី ដែលជាម្តាយរបស់ទារកនៅក្នុងពេលពួកគាត់បំពេញការងារក្នុងរោងចក្រ ដែលការបង្កើតឡើងនូវទារកដ្ឋាននៅតាមបណ្តារោងចក្រនេះធ្វើឡើងទៅតាមគោលគំនិតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលតម្រូវឱ្យមានការរៀបចំទារកដ្ឋាននៅក្នុងរោងចក្រ។ សម្ដេចធិបតីបានលើកឡើងថា ថ្ងៃនេះយើងអាចនិយាយដោយមោទនភាពថា កិច្ចការនេះបានដើរទៅមុខ ហើយយើងក៏កំពុងតែរៀបចំធ្វើរបៀបនេះបន្ថែមទៀត ដោយទៅអនាគតសម្រាប់រោងចក្រ សហគ្រាស ដែលមានបុគ្គលិកចាប់ពី ១០០នាក់ ឡើងទៅនឹងមាន ទារកដ្ឋានស្របទៅនឹងការកំណត់នៅក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ការគូសបញ្ជាក់របស់សម្តេចធិបតីដូចនេះ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដោយស្ថានភាពកូវីដ១៩កន្លងទៅ រួមនឹងស្ថានភាពជាក់ ស្តែង យើងមិនទាន់មានលទ្ធភាពក្នុងការរៀបចំឱ្យបានគ្រប់ ហើយសង្ឃឹមថា អនាគតយើងនឹងមានការ រៀបចំជាបណ្តើរៗតទៅទៀត ខណៈដែលបច្ចុប្បន្នមានពីរ បីកន្លែងផ្សេងទៀតក៏កំពុងតែរៀបចំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលបានចូលរួមដោយស្ម័គ្រចិត្តនៅក្នុងការអនុវត្តតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលក្នុងការបង្កើតទារកដ្ឋានៅតាមបណ្តារោងចក្រ សហគ្រាសនេះ ដោយយកឱកាសនេះសម្តេចធិបតី ក៏បានណែនាំកុំឱ្យរៀបចំទារកដ្ឋានដែលនៅជិតសង្វាក់ផលិតកម្មរបស់រោងចក្រដើម្បីចៀសវាងការប៉ះពាល់ទៅដល់សុខភាពរបស់ទារក។ សម្តេចធិបតីបានបន្ដថា ការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាសនេះក្រោមគោលបំណង សំខាន់គឺផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មការិនីដែលជាម្តាយ និងកូនតូចរបស់ពួកគេ ហើយថាការបង្កើតឡើងនូវទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជាការវិនិយោគដ៏សំខាន់ ព្រោះកម្មករ កម្មការិនី គឺជាគ្រួសាររបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ហើយកូនៗរបស់ពួកគេក៏ដូចគ្នា។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ដូច្នេះការយកចិត្តទុកដាក់ចំពោះគ្រួសារតែមួយនេះគឺជាកិច្ចការល្អ ដែលសម្តេចចង់ឱ្យមានការរៀបចំបែបនេះជាបន្តបន្ទាប់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាននៅក្នុងវិស័យឯកជនរបស់យើង ជាពិសេសនៅតាមរោងចក្រធំៗ ដោយលើកទឹកចិត្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបន្តធ្វើកិច្ចការងារនេះ ហើយចំពោះ ក្រសួងសុខាភិបាលក៏សូមជួយមើលនៅក្នុងកិច្ចការថែទាំសុខភាព ដោយផ្តល់នូវការគាំទ្រក្នុងការផ្តល់ សេវាសុខភាពដល់ក្មួយៗ និងកូនៗ៕