ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញ​លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំជំនាញ ដែលបានយកចិត្តខ្ពស់ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមដែលមានការពាក់ព័ន្ធជាមួយគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ទោះបីក្រសួងពីរផ្សេងគ្នាក៏ដោយ តែបំរើផលប្រយោជន៍រួមក្រោមដំបូល រាជរដ្ឋាភិបាលតែមួយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងទាំងពីរ គឺស្ថិតក្នុងប្រពន្ធ័ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបម្រើឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់យើង។ ដូច្នេះការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តដោយក្រសួង ស្ថាប័នសាមី ត្រូវផ្អែកលើគោលការណ៍ទូទៅ ដើម្បីធានាបាននូវការ សម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

លោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានថ្លែងនូវការអរគុណចំពោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង ថ្នាក់ដឹកនាំបច្ចេកទេស ជំនាញ របស់ក្រសួងព័ត៌មាន បានដែលរួមសហការគ្នាល្អជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានរួមគ្នាធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ ដើម្បីឲ្យមានសុីចង្វាក់គ្នា ហើយមិនជាន់ការងារគ្នា អនុវត្តន៍រួមគ្នា ជាមួយកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕