ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវប្រញាប់ដកខ្លួន បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់

អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយឱ្យគ្រប់ភាគីពិសេសអភិបាលស្រុកត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀនដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយបញ្ហាគ្រឿងញៀន និងក៏ដូចជាកុំឱ្យកើតមាននៅតាមមូលដ្ឋាន។ជាមួយនឹងវិធានការទប់ស្កាត់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រាប់ដល់មន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលពាក់ព័ន្ធក្នុងរឿងនេះត្រូវប្រញាប់ដកខ្លួនបើពុំនោះទេនឹងប្រឈមផ្លូវច្បាប់ហើយ។

ថ្លែងជុំវិញបញ្ហានេះអភិសន្តិបណ្ឌិត ស សុខាបានលើកឡើងដែរថាអភិបាលស្រុកនៅពេលចុះមូលដ្ឋានឬមានកម្មវិធីណាមួយ ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន ហើយយ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទីដែរដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។ក្រៅពីនេះក្រសួងមហាផ្ទៃនឹងមានផែនការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមន៍ អង្គការពាក់ព័ន្ធ ក៏ដូចជា ស.ស.យ.ក ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀននេះផងដែរ ពីព្រោះថាសុទ្ធតែអាចមានឥទ្ធិពល និងកម្លាំងខ្លាំងក្លាក្នុងការចូលរួមក្នុងរឿងនេះ។

ក្រៅពីនេះ អភិសន្តិបណ្ឌិត ស សុខា បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះថាចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ហេតុនេះត្រូវប្រញាប់ ដកខ្លួនចេញជាបន្ទាន់ និងព្រមជាមួយគ្នាមន្រ្តីអនុវត្តច្បាប់ត្រូវខិតខំពង្រឹងការងារដើម្បីបង្រ្កាបបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

បើយោងតាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕ដោយ៖ កន ចំណាន, អត្ថបទ៖ AKP រូបថត៖ ឡុង ដេវីត