ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល

កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល ដែលប្រពឹត្តទៅនៅ សកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ស្ពានអាកាសចោមចៅ)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន លោក លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា និងសិស្សនុសិស្ស។

លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកចូលរួម ក្នុងវេទិកាមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសកលវិទ្យាល័យប៊ែលធី។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ដែលបានចែករំលែក ព័ត៌មាន គោលនយោបាយ ទស្សនៈ និងបទពិសោធក៏ដូចជា គំរូអនុវត្តល្អៗ ជុំវិញប្រធានបទ ភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល។
លោកបានមានប្រសាសន៍ទៅកាន់អង្គពិធីថា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត ក្នុងការអនុវត្តគម្រោងគាំទ្រនានា ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសលើការផ្សព្វផ្សាយមាតិកាខ្លឹមសារអំពីបច្ចេកវិទ្យាឌីជីថល សំដៅជំរុញការបញ្ជ្រៀប ការយល់ដឹងបន្ថែមទៅដល់គ្រប់ស្រទាប់មហាជន ជាពិសេសយុវជន ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្រើន ពីដំណើរការវិវត្តិនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីអាចសម្របខ្លួនបានទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងអាចទាញយកផលប្រយោជន៍ជាអតិបរមាក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

លោកក៏បានបន្តទៀតថា ការពង្រីកវិសាលភាពនៃការចាប់យក បច្ចេកវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ និងចំពេលវេលា ខណៈពេលដែលរាជរដ្ឋាភិបាល បានកំណត់ទិសដៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងរដ្ឋាភិបាលឌីជីថល ដើម្បីធានាបានកំណើនសេដ្ឋកិច្ច រយៈពេលវែងសម្រាប់កម្ពុជាសំដៅឲ្យសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ ដោយមានប្រជាជនជាអាទិភាពជាចម្បងបំផុត។

លោកបានគូសបញ្ជាក់ថា មូលធនមនុស្សគឺជាកម្លាំងចលករសំខាន់បំផុតមិនអាចខ្វះបាន ពោលគឺមនុស្ស និងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដែលតម្រូវឱ្យកម្លាំងពលកម្មមានចំណេះ និងជំនាញអាចប្រើប្រាស់បាននូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតី នវានុវត្តន៍ និងការសិក្សាស្រាវជ្រាវ បង្កើតថ្មី សំដៅការបង្កើនភាពប្រកួតប្រជែង និងធានានិរន្តរភាពនូវការអភិវឌ្ឍប្រកបដោយ បរិយាបន្ន ដើម្បីសម្រេចបានចក្ខុវិស័យរបស់កម្ពុជា។ដោយ៖ កន ចំណាន