ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ជម្រុញបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកជាមួយរុស្ស៊ី ខណៈដែរទំហំពាណិជ្ជកម្មបច្ចុប្បន្ន មិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី មានការកើនឡើង ដោយបច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

នេះបើយោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។

លោក អ្នកនាំពាក្យព្រឹទ្ធសភា បានបន្តថា សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរដែលមានភាពល្អប្រសើរ និងជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិរបស់ លោក បំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជានេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ លោក និងសហការី បានជួបសម្ដែងការគួរសម និងបានរំលេចអំពីទំនាក់ទំនង ប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានផ្សាភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។ លោកក៏បានរំលេចទៀតថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនេះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងល្អនេះមិនត្រឹមតែនីតិប្រតិបត្តិទេ គឺនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អផងដែរ ដោយលោកវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ធ្វើ ។ លោកសង្ឃឹមថា ភាគីយើងទាំងពីរ នឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ។លោកក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សី ផងដែរ ដែលការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងបក្ស និងបក្ស ។

លោក ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានប្រមាណចំនួន២៩លានដុល្លារ ហើយ លោកក៏បានរំលេចនូវជំនួយដល់កម្ពុជាដោយរុស្សីផងដែរ គឺការជួយដល់វិស័យអប់រំ ដោយក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង៨ពាន់នាក់ ដែលជាមោទនភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ។ ហើយនៅខួបទី៧០ឆ្នាំខាងមុខនេះ ស្ថាប័ននិតិប្បញ្ញត្តិក៏ត្រៀមរៀបចំជាមួយគ្នា ចំណែកវិស័យយោធា ព្រមទាំងវិស័យដទៃទៀត គឺរុស្ស៊ីក៏កំពុងខិតខំប្រឹងប្រែងដើម្បីសហការរៀបចំអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំង២នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងរុស្សី ហើយសម្ដេចក៏បានអរគុណដែល លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលជារឿងមិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពីនៅជាអតីតសហភាពសូវៀត ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបានបម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងនីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរដែលស្ថាប័នព្រឹទ្ធសភាកម្ពុជានិងរដ្ឋសភារុស្ស៊ី បាននិងកំពុងខិតខំប្រឹងប្រែងជំរុញឲ្យទំនាក់ទំនងនេះមានភាពរីកចម្រើនកាន់តែខ្លាំងឡើង។ ទាក់ទងទៅនឹងទំនាក់ទំនងបក្សវិញ សម្ដេចតេជោក៏បានជំរុញឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងគណបក្សនៃប្រទេសទាំងពីរ ហើយសម្ដេចតេជោក៏មានបំណងអញ្ជើញ លោក ឌីមីទ្រីមេដវេដេវ (Dmitry Medvedev) ដែលជាប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងសហការី ឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕