រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំជាមួយកសិករដាំដុះដំណាំរំដេង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានការចូលរួមពី មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ និងកសិករដាំរំដេង សរុប ២២រូប ក្នុងនោះស្រី ១២រូប។
តាមការលើកឡើងរបស់កសិករ ក្នុងឃុំអំពិលតាពតឆ្នាំនេះ មានដាំដុះរំដេងលើផ្ទៃដីប្រមាណ ៥០ហិកតា ដែលអាចផ្តល់ទិន្នផលប្រមាណពី ២៥-៣០តោន/ហិកតា។ តម្លៃរំដេងបច្ចុប្បន្ន ២ ៥០០រៀល-៣ ០០០រៀល/គីឡូក្រាម ដែលធ្វើឲ្យកសិករ មានសេចក្តីរីករាយ សង្ឃឹមថា នឹងទទួលបានចំណូលកាន់តែប្រសើរ។ តាមការរៀបរាប់របស់កសិករ ការដាំដុះដំណាំរំដេង ទោះបីថាមិនសូវជួបនូវហានិភ័យខ្ពស់ តែប្រឈមបញ្ហាមួយចំនួនដូចជា ពូជ ជំងឺផ្សិត លឿងស្លឹក សត្វល្អិតចង្រៃ និងបច្ចេកទេសប្រើប្រាស់ជីនិងថ្នាំកសិកម្ម។
លោក ម៉េង ហ៊ាង លេខទូរស័ព្ទ ០៩៧ ៨៩ ០៨០ ៨៩ ដែលបានដាំដំណាំរំដេងលើផ្ទៃដី ២ហិកតា រយៈពេល ៩ឆ្នាំបានរៀបរាប់ថា រំដេង ជាដំណាំមានភាពធន់ខ្ពស់នឹងទឹក អាកាសធាតុ ងាយដាំ តែក៏រងហានិភ័យផងដែរ បើយើងមិនមានការរៀបចំ ឬ ថែទាំបានល្អប្រសើរទេនោះ។ គាត់បានដាំរំដេងលើផ្ទៃដី ២ហិកតា ប្រើប្រាស់កម្លាំងពលកម្មសម្រាប់ស្រោចស្រព តែម្នាក់ ព្រោះគាត់បានរៀបចំប្រព័ន្ធស្រោចស្រពតំណក់ទឹក ភ្ជាប់ជាមួយប្រព័ន្ធសូឡាបូមទឹកស្រោចស្រព។ មិនខុសពីដំណាំផ្សេងៗ កាលណាប្រមូលផលជាន់គ្នា នឹងធ្វើឲ្យលើសពីតម្រូវការ ដែលនឹងប៉ះពាល់ដល់តម្លៃរំដេង។ តែដោយរំដេង ជាដំណាំអាចរក្សាទុកលើថ្នាលបាន វាក៏បង្កើតឱកាសឲ្យយើងរក្សាទុកវារង់ចាំរហូតដល់តម្លៃល្អប្រសើរមកវិញបាន។ ជាទូទៅ រំដេង អាចដាំបានប្រមាណ ១០ ០០០គុម្ព/ហិកតា ស្មើនឹងប្រមាណ ៤ទៅ៥តោន(ពូជរំដេង)/ហិកតា ដោយមានចម្លោះគុម្ព ០,៩-១ម៉ែត្រ។
ក្នុងឱកាសនោះ ក្រុមការងារ បានផ្តល់នូវការណែនាំបន្ថែមដូចទៅ ៖
-ការជ្រើសរើសពូជ ត្រូវរកមើលរំដេងក្នុងចម្ការដែលមានសុខភាពល្អ គ្មានជំងឺ សត្វល្អិតបំផ្លាញ
-រៀបចំដីសម្រាប់ដាំដុះឲ្យបានត្រឹមត្រូវ ហាលដីឲ្យបានមួយទៅពីរសប្តាហ៍មុនដាំ ដើម្បីគ្រង់គ្រងបាននូវសមាសភាពចង្រៃ ដូចជាស្មៅចង្រៃ សត្វល្អិតចង្រៃ ផ្សិត -បច្ចេកទេសប្រើប្រាស់ជីកសិកម្ម ស្របតាមតម្រូវការវដ្តលូតលាស់របស់ដំណាំនិងតួនាទីសារធាតុចិញ្ចឹមដូចជា អាសូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម(K) -ត្រូវចងក្រងជាក្រុមផលិត ចូលរួមជាផ្នែកមួយរបស់សហគមន៍កសិកម្មដែលមានក្នុងមូលដ្ឋាន និងអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា (ទិញរួម អនុវត្តរួម លក់រួម) ដែលមានការគាំទ្រតាមរយៈកម្មវិធីគោលនយោបាយរបស់ រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យកសិកម្ម។