ជនជាប់ចោទឈ្មោះ ឯម អេង បានក្លែងលិខិត និងហត្ថលេខា សម្ដេចតេជោ ដោយខុសច្បាប់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ដើមចេញពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់បានដី និងផ្ទះមួយកន្លែងនៅក្បែរ ព្រះបរមរាជវាំង សម្រាប់រស់និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រោយមក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានជួបឈ្មោះ ឯម អេង ដែលអះអាងថា រូបគេជាមន្ត្រីធំ អាចជួយកិច្ចការនេះបាន។ ដោយការជឿជាក់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានសម្រេចឲ្យជនជាប់ចោទរត់ការ សុំឯកសារសេចក្តីសម្រេចពី សម្ដេចតេជោ ដោយព្រមព្រៀងគ្នា ក្នុងតម្លៃ ២៥ម៉ឺនដុល្លារ។
ឈ្មោះ ឯម អេង បានយកលិខិតដែលមាន ហត្ថលេខា របស់សម្តេចតេជោ ដែលឯកភាពប្រគល់ផ្ទះ និងដី ឲ្យទៅព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានមែន។ ដោយការសង្ស័យ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ណប៉ាណារ៉ាសេរីវុឌ្ឍ បានយកលិខិតនោះទៅឲ្យមន្ត្រីជំនាញនៅក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច័យ ឃើញថា ជាលិខិតក្លែងក្លាយ ទើបប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទតែម្តងទៅ។
នៅក្នុងសវនាការ ឈ្មោះ ឯម អេង មិនព្រមទទួលស្គាល់ការ ចោទប្រកាន់ឡើយ និងនៅតែអះអាងថា ហត្ថលេខានៅលើឯកសារនោះ គឺពិតជាហត្ថលេខារបស់ សម្ដេចតេជោ ហ៊ុន សែន ដែលខ្លួនគេផ្ទាល់បានសុំឲ្យ សម្ដេចតេជោ ចុះហត្ថលេខា នៅក្នុងកម្មវិធីជួបជុំបងប្អូនកម្មករ កម្មការិនី នៅក្បែរបន្ទាយទាហាន ង៧០ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ដោយឡែក នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ បានបញ្ជាក់ថា ក្រោយពីធ្វើកោសល្យវិច័យចំនួន ២លើក មន្ត្រីជំនាញក្រសួងមហាផ្ទៃ បានរកឃើញថា ហត្ថលេខា របស់សម្ដេចតេជោ ហ៊ុន សែន នៅលើលិខិតដែលជនជាប់ចោទឈ្មោះ ឯម អេង យកទៅប្រើប្រាស់នោះ គឺជាហត្ថលេខាក្លែងក្លាយ។
ក្រោយពីការចោទសួរដេញដោលចប់ តុលាការ បានលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០១៩ ខាងមុខ៕


