ខេត្តកំពង់ធំ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ” ដែលរៀបចំឡើងនៅសាលប្រជុំនៃសាលាខេត្តកំពង់ធំ។
កម្មវិធីនេះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិង គ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈ-អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីតំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ, តំណាង ស្នងការដ្ឋាននគរបាលខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ រដ្ឋបាលខេត្តកំពង់ធំ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃ គ.ល.ក.ប្រមាណ ៥១ នាក់។


















