ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ,ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែកន្លងទៅ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៥រួចមក ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានអនុវត្តការងារស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្ដម នៅ លក្ខណា បានផ្ដល់នូវអនុសាសន៍ និងជំរុញដល់លេខាធិការដ្ឋាន គ.ប.ផ.ក. បន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបឱ្យបានតាមទិសដៅ និងយុទ្ធសាស្ត្រ របស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើនបានការការពារអ្នកវិនិយោគស្របច្បាប់ ជាពិសេសបង្កើនបាននូវទំនុកចិត្តបន្ថែមទៀតពីអ្នកវិនិយោគថ្មីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕















