ព្រះវិហារ៖ លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុក និងលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុបឈើមួយកន្លែង និងរឹបអូសឈើមួយចំនួន ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលបពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុកឆែប បានបញ្ជាក់ថា នៅក្នុងករណីបង្ក្រាបកន្លែងស្តុបឈើលួចលាក់នេះ មិនឃើញមានម្ចាស់ឈើចេញមុខមកបកស្រាយទទួលថាជារបស់ខ្លួននោះឡើយ។
លោកបានបន្តថា ចំពោះការបង្ក្រាបទីតាំងលួចលាក់ស្តុបឈើនេះ កម្លាំងជំនាញរឹបអូសរទេះកង់ឡានចំនួន០៤ គ្រឿង រួមនិងឈើអារប្រភេទ លេខ២ «ឈើទាល» ចំនួន១៦៨សន្លឹក។ ក្រោយពីបានពិនិត្យ និងធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានដឹកយកមករក្សាទុក្ខ នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរៀបចំចាត់ចែងទៅតាមនីតិវិធី។
សូមបញ្ជាក់ថា បន្ទាប់ពីលោក ប្រាក់ សុវណ្ណ បានឡើងកាន់តំណែងជាអភិបាលខេត្តព្រះវិហារមក ត្រូវបានគេមើលឃើញថា បទល្មើសបានថយចុះ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលផងដែរ៕