លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ឧកញ៉ា សឹង សំអុល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីរងចាំការសាកសួរបន្ត។
ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន ជាមួយមេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង។
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មិនទាន់អាចបញ្ជាក់បានទេ ដោយសារលោកកំពុងតែរវល់សាកសួរបន្ថែម។
លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកងរាជអាវុធហត្ថបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ នឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង។
លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុន ដែលកំពុងរកស៊ីខុសច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕