អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិនបានជួយកម្ពុជាយ៉ាងច្រើន តាមរយៈលំហូរវិនិយោគលើវិស័យជាច្រើន ជាពិសេសនោះជួយអភិវឌ្ឍលើវិស័យសំណង់ មានអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេសនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសនោះកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ហេតុដូច្នោះលំហូរវិនិយោគចិនពេលនេះជាសញ្ញាដ៏ល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។
លោកឧកញ៉ាអះអាងទៀតថា«យើងឃើញចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហនុមុនគេធ្វើឲ្យខេត្តមួយនេះមានការរីកចម្រើនខ្លាំង និងមានអគារខ្ពស់ៗរីកដូចផ្សឹតទាំងហើយនេះជាសមិទ្ធផលរបស់វិនិយោគចិនមកប្រទេសកម្ពុជា ហើយទៅមុខទៀតនឹងមានវិនិយោគពីបណ្តាប្រទេសដទៃទៀតចូលមកជាបន្តបន្ទាប់ផងដែរ»។
អ្នកវិនិយោគខាងលើបន្ថែមថា ប្រទេសចិនមិនត្រឹមតែរកស៊ីននៅកម្ពុជានោះទេ គឺអ្នកវិនិយោគចិនបានទៅវិនិយោគនៅបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយប្រទេសទាំងនោះក៏ទទួលបានផលច្រើនពីការវិនិយោគនោះ។
សម្រាប់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានអះអាងថា ការវិនិយោគចិនមកកាន់ប្រទេសកម្ពុជាមិនមែនជារឿងមួយមិនល្អដូចការលើកឡើងកន្លងមកនោះទេ ពោលប្រទេសចិនបានវិនិយោគច្រើននៅខេត្តព្រះសីហនុលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ដែលជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៅវិញ។
លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា« ទំនាក់ទំនងល្អរវាងចិននិងកម្ពុជាបានធ្វើឲ្យមានការវិនិយោគច្រើនពីប្រទេសចិនដែលជំរុញធ្វើឲ្យមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឈានឡើង ហើយចិនជាដៃគូរអភិវឌ្ឍប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាប្រទេសកម្ពុជាផងដែរ»។
បច្ចុប្បន្ននេះ អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ។
តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងចិន បានធ្វើឲ្យទំហំទុនវិនិយោគរបស់ចិន នៅកម្ពុជាកើនដល់៦៨០០ លានដុល្លារអាមេរិក កាលពីដំណាច់ឆ្នាំ២០១៨ថ្មីៗនេះ ហើយទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ៦,៨ពាន់លានដុល្លា កើនប្រមាណ៧% ធៀប និងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨។