រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានផ្តល់កិច្ចសម្ភាសន៍មួយក្នុងកម្មវិធី The Sean Hannity Show តាមវិទ្យុ ដោយបានបង្ហាញជំនឿយ៉ាងមុតមាំលើលទ្ធផលវិជ្ជមាននៃកិច្ចចរចាជាមួយកូរ៉េខាងជើង ក្នុងការបង្កើតកិច្ចព្រមព្រៀងស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ក្នុងកិច្ចសម្ភាសន៍នោះ លោក Mike Pompeo បាននិយាយថា ក្រុមតំណាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងចាប់ផ្តើមកិច្ចចរចាសាជាថ្មីនៅពេលដ៏ខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងទម្លុះទម្លាយភាពទ័លច្រក ។
ទោះបីជាបង្ហាញជំហរបែបនេះក៏ដោយ ក៏លោក Mike Pompeo មិនបានបង្ហើបអោយបានច្បាស់លាស់អំពីកាលបរិច្ឆេទដែលភាគីទាំងពីរនឹងបើកកិច្ចចរចាក្នុងការស្វែងរកកិច្ចព្រមព្រៀងស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងនោះទេ ៕