ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​ នឹង​ទទួល​នូវ​ឥទ្ធិពល​ព្យុះនៅបណ្តា​​ខេត្ត​មួយចំនួន តាម​មាត់សមុទ្រ

​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ខ្យល់មូសុង​និរតី បាន និង​កំពុង​បង្កើន​ឥទ្ធិពល មកលើ​តំបន់​មាត់សមុទ្រ គួបផ្សំ​នឹង​វិ​សម្ពាធ​មួយ ដែល​ស្ថិតនៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងលិច​។ វិ​សម្ពាធ នឹង​បំប្លែង​ខ្លួន ទៅជា​ព្យុះ​ទី​៥ ឈ្មោះ ដា​ណាស់ ( Danas ) នា​ថ្ងៃស្អែក មាន​ទិសដៅ ឆ្ពោះទៅកាន់​ប្រទេស​ចិន ភាគ​ខាងកើត​។ កម្ពុជា​យើង បាន​ត្រឹម​ទទួល​នូវ​ឥទ្ធិពល​តែប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បង្ហាញថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​៖
១-​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន ខ្យល់​ខ្លាំង បង្កើត​ទៅជា​រលក​ធំ និង​ខ្ពស់ៗ​។​

២-​បណ្តា​ខេត្ត និង​រាជធានី នៅ​តំបន់​ទំនាប​កណ្តាល ភាគខាងត្បូង ភាគ​កណ្តាល និង​ភាគ​ខាងកើត ដែលមាន​ព្រំប្រទល់​ជាប់​វៀតណាម នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ទន្ទឹម​នោះ ក៏​អាចមាន​ភ្លៀង​ខ្លាំង ដោយ​កន្លែង​ផងដែរ​។​

៣-​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ និង​ខ្ពង់រាប នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​។ ទន្ទឹម​នោះ ក៏​អាចមាន​កន្លែង​ខ្លះ ភ្លៀង​ខ្លាំង​ផងដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​សាធារណជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​បងប្អូន​ប្រជា​នេសាទ និង​ភ្ញៀវទេសចរ តាម​តំបន់ឆ្នេរ និង​កោះ​៕​