ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការពាណិជ្ជកម្មពន្យល់អំពីអត្ថប្រយោជន៍ច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់បម្រើការអភិវឌ្ឍសហគ្រាសធុនតូចនិងធម្យម

(ព្រះវិហារ)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា បានលើកឡើងអំពីសារៈសំខាន់នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់វិសាលភាពនៃច្បាប់នេះ ដើម្បីការពារស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ផលិតករ និងសិប្បករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម(SMEs) នៅក្នុងប្រទេសកម្ពុជា ស្របតាមនិន្នាការ និងបរិបទសាកលភាវូបនីយកម្ម។

លោក រាជ រ៉ា បានគូសបញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍ SMEs» រៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ថា«ក្រសួងពាណិជ្ជកម្ម តែងចាត់ទុក SMEs គឺជាដៃគូមិនអាចខ្វះបាន! ក្រៅពីការគាំទ្រផ្លូវច្បាប់ ក្រសួងបានជួយស្វែងរកទីផ្សារ និងប្រភពទុន និងបានចងក្រងជាសមាគមពាណិជ្ជកម្ម ដូចជា៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។ល។ យើងក៏បានសហការជា​​​មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកការចរចាជាមួយភាគីចិន អំពីអនាម័យ និងភូត្តគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់ពាណិជ្ជករថែមទៀត»។

សូមជម្រាបថា ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្លែងបន្លំ ឬលួចចម្លងផលិតផល និងសេវាកម្ម ដែលនាំឱ្យប៉ះពាល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបង្កឱ្យមានហានីភ័យដល់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសន្ធិសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា។

លើសពីនេះ ក្រសួងបាននឹងកំពុងខិតខំជំរុញឱ្យមានការអនុវត្តទូលំទូលាយនូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា,​ ច្បាប់ស្តីពីពាណិជ្ជសញ្ញា ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់, ច្បាប់ប្រកាសនីយបត្រតក្កកម្ម (Patent) គំនូរម៉ូឌែលមានប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រ​ហាក់ប្រហែល ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពី ទិដ្ឋភាពកម្មសិទ្ធិបញ្ញាទាក់ទងពាណិជ្ជកម្ម (TRIPS)ជាដើម។