ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ នៅស្រុកខ្សាច់កណ្តាល

កណ្តាល៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ប៊ុន ថេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល សរុបចំនួន៥០៤ នាក់ និងលោកគ្រូ អ្នកគ្រូទទួលបន្ទុកបំប៉នសិស្សត្រៀមចំនួន២៨នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

លោក កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗដែលបានរៀនរួចហើយដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ហើយបានណែនាំអំពីព័ត៍មានអាហារូបករណ៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនប្អូនៗនៅស្រុកខ្សាច់កណ្តាលដែលមានសមត្ថភាព សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។

ក្នុងឳកាសនោះលោកអគ្គនាយកបានផ្តល់ដំបូន្មានល្អៗរួមមាន ៖

-ត្រូវដាក់ផែនការ និងគោលដៅ ដើម្បីទទួលបានជោគជ័យនៅថ្ងៃអណាគត់

– បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់គ្រឿងញៀនដែលនាំអោយអន្តរាយដល់ខ្លួន សង្គមជាតិ និងក្រុមគ្រួសារ

– បន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងសមិទ្ធិផលសង្គមដែលសម្រេចបានដោយការខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល

-ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិ។

លោកកៅ ថាច បាននាំយកប្រាក់ឧបត្តម្ភរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សរុបចំនួន១៨ ៩៨០ ០០០រៀល សម្រាប់សិស្ស៥០៤នាក់ ក្នុងម្នាក់ចំនួន ១០០០០រៀល លោកគ្រូអ្នកគ្រូ២៨នាក់ ក្នុងម្នាក់ៗ ៨០០០០រៀល និងលុយឧបត្ថម្ភសម្រាប់លោកគ្រូ អ្នកគ្រូចូលរួមបំប៉នសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់វិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល ៧ ២០០ ០០០រៀល និងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ៤ ៥០០ ០០០ រៀល៕