(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលបំណងសំខាន់របស់គម្រោង AIMS គឺដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងកាត់បន្ថយភាពក្រីក្រ ហើយការដាក់បញ្ចូលសូត្រមាសឬសូត្រប្រណិត ជាផ្នែកមួយនៃគម្រោងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជាតិនិងបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព។
ការលើកឡើងរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចសិប្បកម្មផលិតសូត្រ Golden Silk Pheach ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាងស្រាវយកសរសៃសូត្រ និងតម្បាញសូត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរា កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញសូត្រ និងបានពន្យល់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការស្វែងរកទីផ្សារ និងការជំរុញលើកស្ទួយផលិតផលសូត្រមាសឬសូត្រប្រណិតរបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មការនាំចេញនិងកាត់បន្ថយការនាំចូលសរសៃសូត្រឆៅពីបរទេស។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តែងចាត់ទុកផលិតផលសូត្រ ជាទំនិញមានសក្តានុពលខ្ពស់ទាំងវប្បធម៌ និងសេដ្ឋកិច្ច! កន្លងមក យើងតែងគាំទ្រសកម្មភាពផលិតសូត្រនៅតាមសហគមន៍ ហើយតាមរយៈគម្រោង AIMS យើងកំពុងខិតខំអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលនេះ ដោយតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដើម្បីជំរុញការនាំចេញ។ ដូច្នេះសូមបងប្អូនចូលរួមជាមួយគម្រោងយើងខ្ញុំ។
គួរកត់សម្គាល់ថា សូត្រមាសឬសូត្រប្រណិតស្ថិតនៅក្នុងចំណោមផលិតផលអាទិភាពចំនួន ១០ សម្រាប់ជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ដើម្បីលើកកម្ពស់ផលិតកម្មសូត្រមាសសំដៅបង្កើតការងារជូនស្ត្រីនៅតំបន់ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រចេ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចងក្រងយុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ២០១៦-២០២០ ដោយផ្តោតលើការអភិរក្សប្រពៃណីវប្បធម៌តម្បាញសូត្រ ការបណ្តុះបណ្តាលបច្ចេកទេស និងការធ្វើទំនើបកម្មផលិតកម្មសូត្រមាសប្រកបដោយចីរភាព។