លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា កាកសំណល់ផ្លាស្ទិក ទាំង ៨៣ កុងតឺន័រ មានទម្ងន់ ១៥៩២ តោន នាំចូលដោយក្រុមហ៊ុន ចុងយៀន ផ្លាស្ទិក មេនូហ្វេកឈ័រឯក ដែលមានប្រធានឈ្មោះសួន ឡុក ជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខMOC ៤៥០៦៧១ ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
លោកបណ្ឌិតមានប្រសាសន៍ទៀតថា កុងតឺន័រផ្លាស្ទិកទាំងទាំង ៨៣ កុងតឺន័រនេះត្រូវបាននាំចូលមកកម្ពុជា ចំនួន ២៧ លើក តាមនាវា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ដល់លើកចុងក្រោយនៅខែមករា ឆ្នាំ២០១៩។ ក្នុងនោះ ៧០កុងតឺន័រ នាំមកពីអាមេរិក និង ១៣កុងតឺន័រ នាំមកពីប្រទេសកាណាដា។
លើសពីនេះ លោកបណ្ឌិតថា មុននាំចូលមកដ ទំនិញផ្លាស្ទិកទាំង ៨៣ កុងតឺន័រ ត្រូវបាននាំឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា បានរកឃើញកុងតឺន័រចំនួន ៨៣កុងតឺន័រ មានផ្ទុកសុទ្ធតែកាកសំណល់ផ្លាស្ទិក នៅកំពង់ផែខេត្តព្រះសីហនុ។ កាកសំណល់ទាំងនោះ ជារបស់ហាមឃាត់នាំចូលកម្ពុជា ។
លោកបណ្ឌិត គុណ ញឹម បញ្ជាក់ថា កាកសំណល់ផ្លាស្ទិក ទាំង ៨៣ កុងតឺន័រ មិនមានផ្ទុកសារធាតុគីមីឡើយ។ តែរាជរដ្ឋាភិបាល តម្រូវឲ្យក្រុមហ៊ុននេះ នាំចេញទំនិញកាកសំណល់ផ្លាស្ទិកទាំង ៨៣ កុងតឺន័រនេះ ទៅកាន់ប្រទេសដើមវិញ៕