ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រវត្តិសង្ខេបរបស់លោក នួន ជា​ មេខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៩៣ឆ្នាំ

ស្រាវជ្រាវ ដោយ ឈឹម សេរីភួន ៖ នួន ជា ឈ្មោះដើម ឡុង ប៊ុនរួត កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់ នួន ជា ឈ្មោះ ឡៅ លីវ និងម្តាយឈ្មោះ ដុស ពាញ។ ឪពុករបស់គាត់គឺជាអាជីវករជួញដូរ ដាំពោត និងប្រកបអាជីវកម្មផ្សេងៗទៀត។ ចំណែកឯម្តាយរបស់គាត់វិញ គឺជាជាងកាត់ដេរ និងធ្វើជួយការងារឪពុករបស់គាត់ដែរ។ ក្រុមគ្រួសាររបស់ នួន ជា គឺជាក្រុមគ្រួសារដែលមានជីវភាពធូរធា ។

ជីតារបស់ នួន ជា គឺជាចិនទាជីវ មកពីតំបន់ហ្សានតូនៃប្រទេសចិន ចំណែកឯជីដូនរបស់គាត់វិញគឺជាជនជាតិខ្មែរ។
នួន ជា បានរៀបការជាមួយស្រ្តីឈ្មោះ លី គីមសេង ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងជាប់ខ្សែស្រឡាយជាជនជាតិចិនដែរ។ គាត់មានកូនចំនួន៤នាក់ ក្នុងនោះ៣នាក់ជាកូនបង្កើត និង១នាក់ជាកូនចិញ្ចឹម។

ក្រោយពីមានការប្រគល់ទឹកដីខេត្តបាត់ដំបង ទាំងមូល និងទឹកដីមួយភាគទៀតនៃខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ទៅឲ្យសៀម តាមអនុសញ្ញាបារាំង-ជប៉ុន នៅក្រុងតូក្យូ ថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ មក រាជរដ្ឋាភិបាលថៃ បានផ្តល់សញ្ជាតិជាជនជាតិថៃ ឲ្យប្រជាជនខ្មែរនៅទីនោះ ដោយស័្វយប្រវត្តិ។ នួន ជា ក៏បានទទួលសញ្ជាតិថៃដែរ។

ក្រោយបញ្ចប់ការសិក្សានៅសាលាបថមសិក្សានៅក្នុងខេត្តបាត់ដំបង គាត់ក៏បានចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបន្តការសិក្សា។
នៅប្រទេសថៃ នួន ជា បានរស់នៅជាមួយព្រះសង្ឃ៣អង្គ នៅក្នុងវត្តបិនចាម៉ាបូភីត ដែលព្រះសង្ឃទាំងនោះ ក៏បានធ្វើដំណើរទៅពីខេត្តបាត់ដំបងដូច នួន ជា ដែរ។ នួន ជា បានរស់នៅក្រោមការមើលថែរក្សារបស់ព្រះសង្ឃទាំង៣អង្គនោះ បន្ទាប់មកក៏បានចុះឈ្មោះចូលរៀននៅក្នុងសាលាមធ្យមសិក្សារបស់រដ្ឋាភិបាលថៃដែលមានឈ្មោះថាសាលាវត្តបិនចាម៉ាបូភីត ដែលស្ថិតនៅក្នុងបរិវេណវត្តដែលគាត់បានរស់នៅនោះ។

ពេលចាប់ផ្តើមចូលសិក្សានៅសាលា នួន ជា បានប្រើឈ្មោះរបស់គាត់ជាភាសាថៃថា «រុងឡឺត ឡៅឌី»។ គាត់បានសិក្សានៅក្នុងសាលានោះអស់រយៈពេល២ឆ្នាំ គឺចន្លោះឆ្នាំ១៩៤២ ដល់១៩៤៣ ដោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅដើមឆ្នាំ១៩៤៤។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៦ នួន ជា ក៏បានចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មាសាធ។ ពេលនោះមានជនជាតិថៃម្នាក់ឈ្មោះ រួម វង់ផាន ជានិស្សិតនៃសាកលវិទ្យាល័យធម្មាសាធ នោះដែរ បានណែនាំនួន ជា ឲ្យចូលរួមក្នុងអង្គការយុវជនកុម្មុយនិស្តថៃ រហូតបានក្លាយជាសមាជិកបក្សកុម្មុយនីស្តថៃ។ នៅចុងឆ្នាំ១៩៤៧ ពេលសិក្សានៅសាកលវិទ្យាល័យធម្មាសាធ នោះដែរ នួន ជា បានបម្រើការងារជាស្មៀននៅក្នុងការិយាល័យគណនេយ្យនៃនាយកដ្ឋានជម្រះបញ្ជីទូទៅ របស់ក្រសួងហិរញ្ញវត្ថុថៃ ផងដែរ ។

ក្រោយមក នួន ជា បានប្រឡងជាប់ចូលបម្រើការងារនៅក្នុងក្រសួងការបរទេសថៃ ហើយបានលាឈប់ពីការងារនៅក្នុងក្រសួងហិរញ្ញវត្ថុ បានរយៈពេលប្រហែល១ខែប៉ុណ្ណោះ គាត់ក៏បានលាឈប់ពីការងារនៅក្នុងក្រសួងការបរទេសថៃ និងបានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យធម្មាសាធ និងបានផ្ទេរសមាជិកភាពរបស់គាត់ពីសមាជិកបក្សកុម្មុយនីស្តថៃ ទៅជាបក្សកុម្មុយនីស្តឥណ្ឌូចិន វិញ ដើម្បីត្រឡប់មកប្រទេសកម្ពុជា ចូលរួមក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងដែលកំពុងត្រួតត្រាប្រទេសកម្ពុជា។

ក្នុងពេលចូលរួមក្នុងចលនាតស៊ូរបស់បក្សកុម្មុយនីស្ត នួន ជា បានទាក់ទងយ៉ាងសកម្មជាមួយចលនាខ្មែរឥស្សរៈដែលគាំទ្រដោយពួកកុម្មុយនីស្តវៀតមិញ ។ នួន ជា ក៏បានទៅសិក្សាវគ្គនយោបាយនៅភាគខាងត្បូង និងភាគខាងជើងនៃប្រទេសវៀតណាមដែរ។ នៅពេលបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ នួន ជា នៅតែជាសមាជិកក្នុងចលនាកុម្មុនីស្តនេះដដែល។
ក្រោយសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ទូ សាមុត នួន ជា និង ប៉ុល ពត បានចាប់ផ្តើមដំណើរការបង្កើតបក្សកុម្មុយនីស្តថ្មីមួយដែលគោលការណ៍បក្សនេះគឺប្រជាធិបតេយ្យប្រមូលផ្តុំ និងម៉ាក្សលេនីននិយម។

នៅថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្នុងមហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរលើកទី២ ទូ សាមុត ត្រូវបានជ្រើសរើសជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយ នួន ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្តូរឈ្មោះថា បក្សពលករខ្មែរ ។ ប៉ុន្តែបន្ទាប់ពីបាត់ខ្លួន ទូ សាមុត នៅក្នុងឆ្នាំ១៩៦២ នួន ជា នៅតែកាន់តំណែងជាអនុលេខាបក្ស ដដែល។ ។ ក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ មហាសន្និបាតបក្សពលករខ្មែរ បានជ្រើសរើស ប៉ុល ពត បានក្លាយជាលេខាបក្សបក្សពលករខ្មែរ។ លុះដល់ខែឧសភា ឆ្នាំ១៩៦៣ដដែលនោះ មេខ្មែរក្រហម ដូចជាប៉ុល ពត អៀង សារី ជាដើមនាំគ្នារត់ចូលព្រៃតស៊ូ។

បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ នួន ជា បានចូលរួមជាមួយមេដឹកនាំខ្មែរក្រហម ដូចជា ប៉ុល ពត សុន សេន តា ម៉ុក និង សោ ភឹម ដោយបានបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅតាមខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

ពីឆ្នាំ១៩៧០ ដល់១៩៧៥ នួន ជា បានក្លាយជាអនុបញ្ជាការយោធាជាន់ខ្ពស់កងទ័ពប្រជាជននៃចលនារំដោះជាតិកម្ពុជា និងជាប្រធានផ្នែកនយោបាយរបស់កងទ័ព ហើយថែមទាំងទទួលបន្ទុកក្នុងការទំនាក់ទំនងជាមួយវៀតណាម។
នៅអំឡុងខែមេសា ឆ្នាំ១៩៧៥ នួន ជា នៅជាមួយ ប៉ុល ពត និងមេដឹកនាំយោធា និងនយោបាយសំខាន់ៗមួយចំនួនទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា ដូចជា កុយ ធួន សោភឹម តាម៉ុក និង សុន សេន ដើម្បីដឹកនាំកម្លាំងវាយដណ្ដើមយកទីក្រុងភ្នំពេញ។

បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នួន ជា ត្រូវបានប្រជាជនស្គាល់ថា ជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ដែលមានតួនាទីជាអនុលេខាបក្សនៃបក្សកុម្មុយនីស្តកម្ពុជា ជាប្រធានសភាប្រជាជន ។ នៅក្នុងបក្ស នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំអង្គការចាត់តាំងបក្ស និងទទួលបន្ទុកកិច្ចការអប់រំផ្នែកនយោបាយ និងមនោគមន៍វិជ្ជា ព្រមទាំង ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខរបស់របបកម្ពុជាប្រជាធិបតេយ្យ រាប់ទាំងមន្ទីរស-២១ (គុកទួលស្លែង)ផងដែរ។

នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែលបានលាលែងដោយមានបញ្ហាសុខភាព។ ក៏ប៉ុន្តែ ប្រមាណ៣សប្តាហ៍ក្រោយមក តំណែងនេះត្រូវ ប៉ុល ពត យកទៅកាន់កាប់វិញ។

ក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានរត់ទៅរស់នៅជាយដែនខ្មែរ-ថៃ ជាមួយមេដឹកនាំខ្មែរក្រហមផ្សេងៗទៀត។ នួន ជា ក៏មិនខុសពី ប៉ុល ពត ដែរ គឺជាមនុស្សចូលចិត្តរស់នៅក្នុងការលាក់កំបាំង មិនឲ្យគេដឹង មិនឲ្យគេស្គាល់។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បានមកចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរនឹងការរួចផុតពីរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋនានាដែលគាត់បានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។

ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានគេចាប់ខ្លួនពីផ្ទះរបស់គាត់ នៅស្រុកសំឡូត មកភ្នំពេញ តាមដីកាចាប់ខ្លួនរបស់តុលាការខ្មែរក្រហម។ នួន ជា ត្រូវបានអង្គជំនុំជម្រះចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយកំពុងប្រឈមមុខនឹងការកាត់ទោស។

នួន ជា នៅតែអះអាងម្តងហើយម្តងទៀតថា គាត់មិនមែនជាអ្នកទទួលខុសត្រូវក្នុងការសម្លាប់មនុស្សរាប់លាននាក់ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចនោះទេ។ គាត់អះអាងថា គាត់មិនបានដឹងពីការណ៍ដែលប្រជាជនអត់អាហារ ហើយក៏មិនដឹងពីរឿងសម្លាប់មនុស្សដែរ។

នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។

នៅទីបំផុត នួន ជា បានទទួលមរណភាព នៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ នាមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ក្នុងអាយុ៩៣ឆ្នាំ ។
មូលហេតុ មានជំងឺទឹកនោមផ្អែម ដ៏រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ តម្រូវឲ្យកាត់ជើង ដើម្បីសង្គ្រោះជីវិត៕