យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនចិនដែលមានទីស្នាក់ការនៅទីក្រុងហុងកុងប្រទេសចិនគ្រោងវិនិយោគទ្រុងទ្រាយធំបង្កើតរោងចក្រចំនួន៥កន្លែងស្ថិតក្នុងខេត្តពោធិសាត់ ដើម្បីកែច្នៃកសិផលខ្មែរនិងដាំដុះដំឡូងមីបែនទំនើប។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនចិនដែលមានទីស្នាក់ការនៅហុងកុងប្រទេសចិនកំពុងតែរៀបចំគម្រោងវិនិយោគតម្លើងរោងចក្រកែច្នៃកសិផលខ្មែរ៥ កន្លែងមានទីតាំងស្ថិតនៅខេត្តពោធិសាត់ក្នុងផ្ទៃដីប្រមាណ២ ម៉ឺនហិកតា ដើម្បីធ្វើកសិកម្មទំនើបលើដំណាំដំឡូងមី។
លោករដ្ឋមន្រ្តីបានបន្តទៀតថា សម្រាប់លទ្ធភាពនៃរោងកច្រនីមួយៗនោះគឺអាចទទួលដំឡូងមីស្រស់ចូលផ្គត់ផ្គង់រោងចក្របានចំនួន៥០០ពាន់តោន និងអាចផលិតម្សៅមីក្នុង១ ឆ្នាំបានចំនួន២០០ ពាន់តោនក្នុងរោងចក្រមួយហើយអាចផលិតជាចំណីសត្វបានចំនួន ៥០ពាន់តោនផងដែរ។
រដ្ឋមន្រ្តីកសិកម្មបញ្ជាក់ថា ទិសដៅនៅឆ្នាំ២០១៩-២០២០ក្រុមហ៊ុនចិនគ្រោងតម្លើងរោងកច្រចំនួន១៥ រោងចក្រទៀតនៅទីតាំខេត្តត្បូងឃ្មុំ ហើយតាមការពិនិត្យបង្កើតរោងកច្រនោះនៅទីតាំងតំបន់ណានៅចំណុចកណ្តាលដែលអាចដាំដំឡូងមីបាននិងសម្រួលដល់សេវាដឹកជញ្ជូនផងដែរ។
ក្រុមហ៊ុនចិនបានមើលឃើញឱកាសនៅកម្ពុជាច្រើនគឺ ការផ្សារភ្ជាប់ការហោះហើរត្រង់ពីជប៉ុនទៅកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងការនាំចេញកសិផល បន្លែផ្លែឈើ ដើម្បីដឹកជញ្ជូនផ្ទាល់តែម្តង ហើយតាមអ្វីដែលបានសន្យានោះ ក្រុមហ៊ុនចិននិងឈានដល់ការបោះទុនវិនិយោគនាពេលខាមុខនេះ។
សម្រាប់ លោក ចាន់ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយ បានលើកឡើងថា នេះជាដំណឹងល្អផងដែរ សម្រាប់ប្រទេសកម្ពុជានៅពេលមានការបណ្តាក់ទុននិងបង្កើតរោងចក្រកែច្នៃកសិផលផ្សេងៗ ដែលកសិករផលិតបាននាពលកន្លងមក។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នកសិផលខ្មែរមានច្រើនប៉ុន្តែមិនទាន់មានរោងចក្រកែច្នៃដូចប្រទេសជិតខាងនៅឡើយទេ ហើយការទាក់ទាញវិនិយោគ របស់ក្រសួងកសិកម្ម នឹងជំរុញការផលិតរបស់កសិករមានតម្លៃបន្ថែមផងដែរ។
ក្រុមហ៊ុននេះ និងសាងសាងរោងចក្រចំនួន៥នៅកាលពីឆ្នាំ២០១៨ហើយមានផែនការសាងសង់រោងចក្រឲ្យបានចំនួន១០នៅឆ្នាំ២០២០ដែលអាចផលិតម្សៅមីរហូតដល់២ លានតោន សម្រាប់នាំចេញ៕