ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងសកម្មភាពវិស័យឌីជីថលនៅកម្ពុជា

 

ភ្នំពេញ៖  នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់ពីគោលជំហររបស់ក្រុមហ៊ុនថា Huawei នឹងការបន្តវិនិយោគបន្ថែម រួមជាមួយបន្តពង្រីកសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ នេះលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ។

លោក Yuya YAO បានបញ្ជាក់ពីគោលជំហរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងវិស័យទូរគមនាគមន៍។  ក្រុមហ៊ុនមានគោលបំណងបន្តពង្រីកទៅលើសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលកម្ពុជាកំពុងជម្រុញអនុវត្តន៍លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ។

លោក Yuya YAO បានឲ្យដឹងថា ក្រុមហ៊ុន បានធ្វើការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចាប់តំាងពីឆ្នាំ ១៩៩៩ មក ក្នុងនោះក្រុមហ៊ុនបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងបានផ្តល់ទំនុកចិត្តក្នុងការប្រើប្រាស់ ជាពិសេសក្នុងប្រព័ន្ធស្មាតហ្វូន ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដែលបានបង្កើតបរិស្ថានសម្រាប់ការរីកលូតលាស់វិស័យឌីជីថល ។ ជុំវិញនិងការអភិវឌ្ឍន៍លើផ្នែកនេះ លោក បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែម តាមរយៈជំនាញ និងបទពិសោធន៍របស់ខ្លួន ដល់ការងាររៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ។

លោកបានបន្ថែមថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា បច្ចុប្បន្នកំពុងលេចរូបរាងជាបណ្តើរៗ ស្របពេលដែលមានការបង្កើតសកម្មភាពអាជីវកម្មថ្មីៗដូចជា ការប្រើប្រាស់ទូរស័ព្ទឌីជីថល ការលូតឡើងនៃសកម្មភាពកំសាន្តអនឡាញ និងសកម្មភាពអេឡិចត្រូនិចជាដើម ដោយចំនួនអ្នកប្រើប្រាស់កំពុងកើនឡើង សម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ៕