ក្រុមអ្នកជំនាញបច្ចេកទេសឩស្សាហកម្មយានយន្តនៅកម្ពុជាបានទទួលស្គាល់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាពុំទាន់អាចផលិតអ្នកជំនាញ បច្ចេកទេសឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារនៅឡើយទេ ដោយក្នុងមួយឆ្នាំៗ តម្រូវការកម្មករជំនាញជិត២ម៉ឺននាក់។
អតីតសិស្សរៀននៅសាលាមធ្យមសិក្សាបច្ចេកទេស (JVC) និងម្ចាស់យានដ្ឋាន អាស៊ីអូតូ លោក សៀង វិសិទ្ធ បានលើកឡើងថា ជំនាញបច្ចេកទេសយានយន្តនៅកម្ពុជាមានសារៈសំខាន់ណាស់ ប៉ុន្តែយុវជនខ្មែរភាគច្រើនមិនសូវ ចាប់ អារម្មណ៍នោះទេ និងតែងចាប់យកជំនាញធ្វើការតាមការិយាល័យវិញ។
លោកបានរៀបរាប់ថា«ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារបស់កម្ពុជា លុះត្រាតែមានការបណ្តុះបណ្តាលបន្ថែមដល់យុវជន ហើយការងារនេះនៅក្រៅប្រទេសទទួលបានប្រាក់ខែច្រើន និងងាយស្រួលរកការងារធ្វើជាងជំ នាញផ្សេង»។
អតីតនិស្សិតខាងលើបញ្ជាក់ថា យុវជនកម្ពុជាគួរតែងាករកជំនាញបច្ចេកទេស ដែលមានការបណ្តុះបណ្តាលពីសាលារដ្ឋ និងឯកជន ហើយជាក់ស្តែងដូចសាលាមធ្យមបច្ចេកទេស (JVC)ជាដើម។ បញ្ហាប្រឈមសព្វថ្ងៃនេះគឺពេល មានការវិនិយោគ បើកយានដ្ឋានមិនមានធនធានជំនាញបច្ចេកទេសបំពេញការងារនោះទេ។
សម្រាប់ លោក ឡាយ គឹម ម្ចាស់យានដ្ឋាននៅរាជធានីភ្នំពេញបានចាត់ទុកថា ជំនាញបច្ចេកទេសយានយន្តនៅកម្ពុជាយុវជនមិនគួរមើលរំលឹងទេ ថ្វីបើការធ្វើការងារក្នុងសម្លៀកបំពាក់មិនស្អាតក៏ពិតមែន ប៉ុន្តែអាជីពនេះធ្វើឲ្យជីវភាពរស់នៅបានធូរធា។
ចំណែក លោក ស្រុន រ៉ាឌី និស្សិតជំនាន់ទី២១ នៃសាលាមធ្យមសិក្សា (JVC)បានចាត់ទុកថា នៅក្នុងប្រទេសកម្ពុជាមានភាពជឿនលឿនទំាងទីក្រុងនិងជនបទ ហើយចំនួនរថយន្តបាននាំចូលច្រើននៅរយៈពេលប៉ុន្មានឆ្នាំនេះចុងក្រោយនេះ។
និស្សិតរូបនេះបានរៀបរាប់ថា ការិនិយោគនាំចូលរថយន្តច្រើនបង្កើតឱកាសការងារដល់អ្នកជំនាញជួសជុលរថយន្តនៅកម្ពុជាមានការងារធ្វើ ហើយជំនាញនេះពិតជាមានតម្រូវការខ្ពស់។
នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) លោក សិម សុរិន្ទ មានប្រសាសន៍ថា សព្វថ្ងៃនេះកំណើនយានដ្ឋាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដោយសារតែកំណើននៃយានយន្តនាំចូលកាន់តែច្រើន ទន្ទឹមនោះសា លាបច្ចេកទេស (JVC) បានផលិតនិស្សិតប្រមាណ១០០ នាក់ក្នុងមួយឆ្នាំ ប៉ុន្តែមិនឆ្លើយតបតាមតម្រូវការទីផ្សារកាងារនៅឡើយទេ។
លោកបានថ្លែងទៀតថា សព្វថ្ងៃនេះតាមបណ្តាក្រុមហ៊ុននិងយានដ្ឋាននៅកម្ពុជាកំពុងតែត្រូវការអ្នកជំនាញបច្ចេកទេស ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុននានា។
ទាក់ទងនិងបញ្ហានេះ លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានទីផ្សារកម្ពុជានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពិសេស ដើម្បីគាំទ្រគោលនយោបាយជាតិក្នុង វិស័យឩស្សាហកម្មឆ្នាំ២០១៥ និងឆ្នាំ ២០២៥។
លោកបានបន្តទៀតថា កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយចាំបាច់បំផុតត្រូវការអ្នកវិនិយោគលើជំនាញបច្ចេកទេស។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពិសេស ដើម្បីគាំទ្រគោលនយោបាយជាតិក្នុង វិស័យឩស្សាហកម្មឆ្នាំ២០១៥ និងឆ្នាំ ២០២៥។
ជាមួយគ្នានោះកម្ពុជាក៏ត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិនិងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ហើយចាំបាច់បំផុតត្រូវការអ្នកវិនិយោគលើជំនាញបច្ចេកទេសតែម្តង៕