ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម និងអង្គការ APFNet បន្តគាំទ្រគម្រោងគ្រប់គ្រង ស្ថារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញ

 

 

ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។

លោករដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ ។

លោកបានបន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” មកអនុវត្ត។

លោក Zhao Shucong បានជម្រាបថា ដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលអង្គការបានជួយគាំទ្រ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ការគាំទ្រសម្រាប់គម្រោងថ្មីៗបន្ថែមទៀត។ តាមរយ:សមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាន និងជួយសហការអនុវត្តគម្រោងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោក Zhao Shucong បានបញ្ជាក់ថា អង្គការ APFNet នឹងពិនិត្យលទ្ធភាពក្នុងការបន្តគាំទ្រជំហានទីពីរ ព្រោះដោយយល់ឃើញថាគម្រោងបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រង ស្ថារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញយ៉ាងមានប្រសិទ្ធភាព។

ភាគីទាំងពីរនឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា  គម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ចំពោះគម្រោងទី៣ កំពុងអនុវត្ត និងទី៤ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ៕