ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនៈលោកច័ន្ទ សុផល «តើអ្វីទៅជាអត្ថន័យនៃជីវិត »?

 

ខ្ញុំបានគិតសាមសិបឆ្នាំមកហើយអំពីអត្ថន័យនៃជីវិត។ ខ្ញុំយល់ថាជីវិតមានន័យ គឺជីវិតដែលរស់ដើម្បីសម្រេចបំណងអ្វីមួយ ដោយមានទាំងទុក្ខ មានទាំងសុខចូលរួមក្នុងដំណើរការ។ ខ្ញុំមិនចង់ដើរតាមមា៌គា ដែលសំដៅឆ្ពោះតែទៅការរំដោះខ្លួនឯងឱ្យចេញផុតពីទុក្ខ និងវាលវដ្តសង្ខារ គឺការទៅរកនិព្វាននោះទេ។

ការប្រឹងប្រែងដើម្បីសម្រេចបំណង ដែលអាចមានតម្លៃជាទឹកប្រាក់សន្ធឹកសន្ធាប់ វាមិនមែនជាការលោភលន់ទេ ប្រសិនបើគេមានគោលបំណងល្អសម្រាប់ជួយសង្គមជាតិ ឬមនុស្សជាតិ ទោះបីជាដោយប្រយោលក៏ដោយ។ គេមិនគួរមានការរអៀសខ្លួននឹងការទិតៀនពីអ្នកដទៃថាជាមនុស្សមានលោភ:ខុសពីឱវាទព្រះពុទ្ធនោះទេ។

តាមការយល់ឃើញរបស់ខ្ញុំ ពាក្យលោភ: ឬការលោភលន់ គឺសំដៅលើការចង់បានសម្រាប់តែខ្លួនឯង លើសពីសេចក្ដីត្រូវការនិងសន្តិសុខគ្រួសារខ្លួន ដែលកំណត់ដោយស្តង់ដារសង្គម។ ស្តង់ដារសង្គមតែងតែមានការកើនឡើងជានិច្ច។ ក្រោយពីមានផ្ទះល្អ មានរថយន្តល្អប្រើប្រាស់ហើយ គេត្រូវទិញការធានារ៉ាប់រងទៀត។

ប្រសិនបើបានលើសពីនេះហើយ គេនៅតែប្រឹងប្រែងដើម្បីតែប្រយោជន៍បុគ្គលខ្លួនឯងសុទ្ធសាធ នោះគេអាចហៅថាជាការលោភលន់បាន។ ក៏ប៉ុន្តែ ប្រសិនបើគេប្រឹងប្រែងខ្លាំងដើម្បីធ្វើអ្វីមួយដែលមានផលប្រយោជន៍ដល់សង្គម ឬមនុស្សលោក ទោះជាដោយប្រយោលក្តី វាមិនមែនជាការលោភលន់ទេ។

គេចង់ធ្វើសណ្ឋាគារផ្កាយ៥ ដ៏ល្បីល្បាញមួយ ដើម្បីរកចំណូលដល់ខ្លួនផង បុគ្គលិកខ្លួន និងសេដ្ឋកិច្ចជាតិផង វាមិនគួរជាការលោភលន់ដែលសង្គមត្រូវរិះគន់ទេ។

ការប្រឹងប្រែងដើម្បីបានឡើងជានាយកក្រុមហ៊ុនមួយ ដើម្បីបង្កើនប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់គ្រួសារ មិនមែនជាការលោភលន់ទេ។ ការចង់ឡើងពីរដ្ឋលេខាធិការ ទៅជារដ្ឋមន្រ្តីដើម្បីបម្រើក្រសួង និងប្រទេសជាតិ ឱ្យបានប្រសើរជាងមុន វាមិនគួរត្រូវបានចាត់ទុកជាការលោភលន់ទេ។ ក៏ប៉ុន្តែ ប្រសិនបើគេចង់ឡើងធ្វើរដ្ឋមន្រ្តីដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន នោះវាជាការលោភលន់។

នៅក្នុងការបង្រៀនធម៌ ខ្ញុំច្រើនតែឮការប្រាប់មនុស្សកុំឱ្យមានការលោភលន់ ហើយមានទាំងការឱ្យនិយមន័យថា ការចង់បានអ្វីមួយដែលខ្លួនគ្មាន គឺជាលោភ:។

ខ្ញុំមិនឯកភាពទាល់តែសោះចំពោះការយល់ដូចច្នោះ។ វាអាចតែសម្រាប់មនុស្សដែលចង់ក្លាយជាបព្វជិត ឬលើសពីនេះទៀតគឺអរិយបុគ្គល ឬដល់ទៅព្រះអរហន្ត ដែលត្រូវលះបង់គ្រប់រសជាតិនៃជីវិត ដើម្បីអាចចេញពីវាលវដ្តសង្ខារនៃជីវិត។

ប្រសិនបើមនុស្សធម្មតា (ជាគ្រហស្ថ) ប្រកាន់យកផ្លូវជីវិតដែលអសកម្ម មិនចង់បានអ្វីច្រើន ប្រទេសជាតិនឹងមិនរីកចម្រើនទេ។ បើប្រទេសក្រជាងគេ ប្រទេសផ្សេងៗគេគាបសង្កត់ ឬលើបយកប្រទេសខ្លួន នោះវានឹងនាំមកនូវទុក្ខដល់ប្រជាជនច្រើន។ ឬជនបរទេសដែលមកវិនិយោគនៅលើទឹកដីយើង គេនឹងចាប់យកឱកាសល្អៗអស់។

ខ្ញុំបាននិងបន្តប្រកាន់យកផ្លូវជីវិតដែលសកម្ម ធ្វើការងារច្រើនយ៉ាង ដែលមានប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់សង្គម ហើយការមានសុខនិងទុក្ខ គឺជាធម្មតានៃជីវិត ៕