ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ

ឯកអគ្គរដ្ឋទូត​ចិន ដែល​ទើប​តែងតាំង​ថ្មី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ថា ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ រវាង​កម្ពុជា និង​ចិន កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ព្រមទាំង​ឈានដល់​ដំណាក់​ល្អ បំផុត ហើយ​ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ពិសេស​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​វប្បធម៌​។​

​​នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ លោក ​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​ថ្ងៃទី​២៨ ខែធ្នូ នេះ នា​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន បាន​ថ្លែងថា រដ្ឋាភិបាល និង​ប្រជាជន​ចិន តែង​ចាត់ទុក ប្រជាជន​កម្ពុជា​ជា​មិត្ត​ដែកថែប ហើយ​ចិន​នៅតែ​បន្ត​គាំទ្រ​ដល់​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោកបានលើកឡើងថា​  ចិននឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ពិសេស វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​។ រដ្ឋាភិបាល​ចិន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក វិស័យ កសិកម្ម ជា​វិស័យ​សំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ​។

មាន​អ្នកវិនិយោគ និង​អ្នកជំនាញ​កសិកម្ម​ចិន​ជាច្រើន បាន ចាប់អារម្មណ៍​ដល់​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ប្រតិបត្តិការ​តាំងពី​ការបណ្តុះ​ពូជ រហូតដល់ ការកែច្នៃ​ដោយ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ពិភពលោក និង​ប្រទេស​ចិន​​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា មាន​តាំង ពី​យូរលង់​ណាស់​មកហើយ ព្រមទាំង​មាន​ប្រពៃណី និង​វប្បធម៌​ប្រហាក់ប្រហែលគ្នា​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែង​ណែនាំ​ដល់​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ត្រូវ​ជួយ​សម្រួល ដល់​ការវិនិយោគ​នានា​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា ពិសេស ត្រូវផ្តោត​ការសំខាន់​ទៅលើ​យុទ្ធសាស្ត្រ​ផ្លូវ សូត្រ និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​១ ផ្លូវ​១ របស់​ចិន ព្រោះ​វា​មាន​ទំនាក់ទំនង និង​ផ្សារភ្ជាប់ ជាមួយ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​