សៀមរាប៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ។
ពិធីនេះប្រារព្វធ្វើនៅថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានមន្រ្តីចូលរួមចំនួន១២០នាក់ មកពីប្រទេសចំនួន១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសក្តានុពលធនធានទឹកនៅកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ដែលជាវិស័យជាអាទិភាពមួយសំខាន់ក្នុងការទ្រទ្រង់ និងជម្រុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវិនិយោគលើការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យធនធានទឹកឲ្យបានកាន់តែប្រសើរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ គឺជាតម្រូវការចំបាច់ និងមានសារៈសំខាន់បំផុត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្រសួង ធនធានទឹក និងឧតុនិយម ។
លោករដ្ឋមន្រ្តី លឹម គានហោ បានសម្ដែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូផ្សេងទៀត ដែលបានជួយជ្រោមជ្រែង និងគាំទ្រទាំងនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត ដល់ការអភិវឌ្ឍកម្ពុជា និយាយជារួម និងដល់ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យធនធានទឹក និយាយដោយឡែក ដែលបានជួយធ្វើឲ្យវិស័យនេះ ដើរតួនាទីកាន់តែសកម្ម និងរឹតតែសំខាន់ ក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាបន្ថែមទៀត។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែនក្នុងតំបន់ និងអន្តរជាតិ និងបានសង្កត់ធ្ងន់ថា ការកើតមាននូវបញ្ហាប្រឈមផ្នែកទឹកក្នុងតំបន់ និងពិភពលោក បានធ្វើឲ្យភាពជាដៃគូទឹក កាន់តែមានសារៈសំខាន់ និងត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ដោយបានចាត់ទុកថា ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពជាអាទិភាពផ្សេងទៀត ដែលទាមទារឲ្យគ្រប់ប្រទេសក្នុងតំបន់ និងពិភពលោក ចាំបាច់ត្រូវធ្វើការជាមួយគ្នាដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវភាពចម្រុងចម្រើនរួមគ្នា និងអនាគតប្រកបដោយចីរភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាឲ្យបានកាន់តែខ្លាំងឡើង និងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឲ្យបានកាន់តែប្រសើរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ និងភាពជាដៃគូសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបថា កិច្ចសន្ទនារយៈពេល២ថ្ងៃនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ចំណេះធ្វើ និងការអនុវត្តល្អៗ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប តាមរយៈការពង្រឹង និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ភាពជាដៃគូពហុភាគី និងការតភ្ជាប់កាន់តែប្រសើរ សម្រាប់ការគ្រប់គ្រងទឹកឆ្លងដែន ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងរីកចម្រើនរួមគ្នា ក្នុងនិងរវាងតំបន់អាស៊ី និងអឺរ៉ុប និងតំបន់ផ្សេងទៀត៕