ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យវិស័យឯកជនទទួលបានភាពអនុគ្រោះកាន់ច្រើន ដោយបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដល់វិស័យឯកជនដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ។
ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យដោះស្រាយកង្វល់ និងបញ្ហារបស់វិស័យឯកជន ដែលដឹកនាំប្រជុំដោយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Bretton G. Scaironi សហប្រធាន ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ នេះ ។
អង្គប្រជុំបានពិភាក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ច្បាប់ស្តីពីបរធនបាលកិច្ច ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រាប់អនុវត្តច្បាប់នេះ។ ចំណែក សារព្រមានសុខភាពសម្រាប់បិទលើកញ្ចប់ បារី៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតក្រុមការងារចម្រុះដែលមានសមាសភាពពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីកែលម្អលក្ខណៈពិសេសរបស់តែមប្រិ៍ ចៀសវាងការក្លែងបន្លំ ។
ការស្នើសុំបញ្ចុះថ្លៃអគ្គិសនីសម្រាប់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ បច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់ មានលទ្ធភាពខ្ពស់ក្នុងការគិតគូរ និងអនុវត្តបញ្ចុះថ្លៃអគ្គិសនីសម្រាប់គ្រប់វិស័យទាំងអស់ព្រមៗគ្នានៅឡើយ ដោយសារថ្លៃ ដើមផលិតអគ្គិសនីនៅខ្ពស់ អាចបង្កើនបន្ទុកថវិកាជាតិ ដែលអគ្គិសនីកម្ពុជាអាចរងសម្ពាធចំណូល និងប៉ះពាល់ដល់ ប្រសិទ្ធភាពក្នុងការពង្រីកបណ្តាញចែកចាយ ដែលជាគោលដៅឆ្នាំ២០២០ ក្នុងការសម្រេចឱ្យបានការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស, ទោះយ៉ាងណា វិស័យពាណិជ្ជកម្ម នឹងត្រូវបន្តគិតគូរក្នុងជំហានបន្តបន្ទាប់ ដូចបានអនុវត្តកន្លងមក ។
ការចុះបញ្ជីមន្ទីរពេទ្យឯកជននៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ករណីនេះត្រូវបានអនុវត្តខ្លះហើយ ក្នុងនោះមន្ទីរពេទ្យេឯកជន ត្រូវបានអនុញ្ញាតឱ្យទូទាត់តាម ប.ស.ស ក្នុងករណីសង្រ្គោះបន្ទាន់ ។ ដោយឡែក ការជំរុញ ទូទាត់ និងប្រើប្រាស់ប្រាក់រៀល៖ អង្គភាពពាក់ព័ន្ធ នឹងបន្តសិក្សាយុទ្ធសាស្ត្រ ដោយផ្អែកលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីជំរុញការប្រើប្រាស់ និងទូទាត់ជាប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។
សូមបញ្ជាក់ថា វេទិកាបានពិភាក្សាលើបញ្ហាចំនួន៣ផ្សេងទៀត ដែលវិស័យឯកជនបានលើក ឡើងរួមមាន ការធ្វើសវនកម្មពន្ធដារ និងការស្នើលុបចោលនូវប្រាក់ពិន័យពន្ធ។ការអនុវត្តលើកលែងពន្ធអប្បបរមា ១% និង ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ១% និងការបង់សេវាលើស្លាកយីហោ ។ ក្នុងនោះចំពោះការស្នើឲ្យលុបបំបាត់នូវ ប្រាក់ពិន័យពន្ធដារ គឺមិនអាចអនុវត្តបាន ដោយការដាក់ពិន័យនេះ គឺដើម្បីលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ នឹង លុបបំបាត់ការគេចវេសកាតព្វកិច្ចពន្ធដារ ៕