ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឧបត្ថម្ភបន្ថែមចំនួន៣ដុល្លារអាមេរិក លើប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២០ សរុបទទួលបានចំនួន១៩០ ដុល្លារអាមេរិក ។
កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ នឹងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោកមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារយៈពេល ៥លើកកន្លងមកនេះ ជាលទ្ធផល ភាគីនិយោជកប្រកាន់គោលជំហរលើតួលេខចំនួន ១៨៦ដុល្លារអាមេរិក រីឯភាគីសហជីពតំណាងឲ្យកម្មករនិយោជិតចំនួន ១៩៥ដុល្លារ ខណៈភាគីរដ្ឋាភិបាលបានបង្ហាញតួលេខចំនួន ១៨៧ដុល្លារអាមេរិក។
តាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: កាលពីកន្លងទៅ បានបញ្ជាក់ថា ប្រសិនបើភាគីនិយោជក និងសហជីពនៅតែប្រកាន់គោលជំហរដដែល នឹងធ្វើការបោះឆ្នោតសម្រេចជាផ្លូវការនៅព្រឹកថ្ងៃទីនេះ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជកក្នុងវិស័យកាត់ដេរ និងផលិតស្បែក បានកើនឡើងជារៀងរាល់ឆ្នាំ ពីចំនួន ៤០ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ១៨២ដុល្លារ ក្នុងឆ្នាំ២០១៩នេះ។ គិតជាមធ្យមកម្មករនិយោជិតទទួលប្រាក់ខែប្រមាណជាង២០០ដុល្លារ បូករួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗដទៃទៀត៕