ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីការងារលទ្ធកម្ម និងទទួលបានចំណេះដឹងផ្នែកដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា នៅក្នុងលទ្ធកម្មសាធារណៈ

 

ភ្នំពេញ៖ មន្រ្តីគ្រប់គ្រងការងារលទ្ធកម្មសាធារណៈនៅតាមក្រសួងស្ថាប័ន ទទួលបានចំណេះដឹង និងបទពិសោធន៍ លើវិធីសាស្ត្រលទ្ធកម្មទំនិញ សំណង់ សេវាកម្ម និងការអនុវត្តការដោះស្រាយវិវាទ និងបណ្ដឹងតវ៉ា ដើម្បីជម្រុញគ្រប់គ្រងការងារលទ្ធកម្មសាធារណៈរបស់រដ្ឋឲ្យកាន់តែរឹងមាំ ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានលើកឡើងក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្មចំនួន ៥ក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល,។

លោក ឈឹម សារ៉េត បានបញ្ជាក់ថា ដើម្បីជម្រុញឲ្យមន្រ្តីក្រសួង ដែលអនុវត្តន៍ការងារលទ្ធកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព រួមជាមួយអង្គភាពលទ្ធកម្ម និងក្រុមលទ្ធកម្ម នៃអង្គភាពថវិការ ត្រូវតែមានសមត្ថភាពដឹកនាំ និងអនុវត្តន៍កិច្ចការលទ្ធកម្មកាន់តែយល់ច្បាស់ នូវវិធាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ ជាពិសេសមានសមត្ថភាពដឹកនាំត្រឹមត្រូវ ដើម្បីដោះស្រាយវិវាទ និងបណ្ដឹងតវ៉ាផ្សេងៗ តាមក្រមសីលធម៌លទ្ធកម្ម និងទោសប្បញ្ញត្តិនានា ។

ដូច្នេះមន្រ្តីដែលគ្រប់គ្រងលើការងារលទ្ធកម្មសាធារណៈនៅតាមក្រសួង-ស្ថាប័ន ត្រូវខិតខំស្វែងយល់បន្ថែមទៀត រាល់ឯកសារគតិយុត្ត និងឯកសារពាក់ព័ន្ធដទៃទៀត។ អង្គភាពលទ្ធកម្មរបស់ក្រសួងសាមី ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ឬក្រសួង ស្ថាប័នដែលធ្លាប់បានអនុវត្តកិច្ចលទ្ធកម្ម ធ្វើយ៉ាងណាជម្រុញអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានបទប្បញ្ញត្តិ គោលការណ៍ និងនីតិវិធីលទ្ធកម្មសាធារណៈជាធរមាន និងត្រូវចៀសវាងដាច់ខាតរាល់ការបង្ខិតបង្ខំ ការឃុបឃិតគ្រប់រូបភាពនៅក្នុងដំណើរការនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាជាបរិបទនាំទៅរកការប្រព្រឹត្តអំពើពុករលួយដែលច្បាប់ហាមឃាត់។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជាលើកទី៣ ក្នុងការជម្រុញបណ្តុះបណ្តាលដល់មន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធជំនាញលទ្ធកម្មសាធារណៈ ដែលមានសិក្ខាកាមចូលរួមប្រមាណជា ៥០២ នាក់ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ៕