មេដឹកនាំប្រទេសចិន និងទីក្រុងហុងកុង បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈដែលក្រុមបាតុករគាំទ្រទីក្រុងប៉េកាំងប្រទេសចិនរាប់សិបនាក់ បានចេញធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះ ក្នុងគោលដៅប្រឆាំងនឹងតបតនឹងក្រុមបាតុករគាំទ្រប្រជាធិបតេយ្យនៅទីក្រុងកុង ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters បានឲ្យដឹងថា ក្រុមបាតុករគាំទ្ររដ្ឋាភិបាលចិន បានចូលទៅវាយកម្ទេច និងហែកចោលនូវផ្ទាំងសរសេរពាក្យស្លោកនានារបស់ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យហុងកុង ដែលបង្កអោយមានភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករទាំងពីរក្រុម ។
កងកម្លាំងសន្តិសុខនៅទីក្រុងហុងកុង បានត្រៀមកម្លាំងរួចជាស្រេចក្នុងការបញ្ចៀសអំពើហិង្សាណាមួយ ដែលអាចនឹងកើតឡើងនៅពេលខាងមុខ ដោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករទាំងពីរក្រុម ប៉ុន្តែរហូតដល់ពេលនេះ នៅទាន់មានអំពើហិង្សាណាមួយកើតឡើងនោះទេ ៕