ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គា លើផ្ទៃដីទំហំ ១៨,១៩៨៧ ហិកតា ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន POWER CIGAR TABACCO CO., LTD. និងរៀបចំរបាយការណ៍ IESIA ដោយក្រុមហ៊ុនទីប្រឹក្សា E&A CONSULTANT CO., LTD.។
ក្រសួងបរិស្ថាន បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA ) មានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួន ៣៦នាក់។
អង្គប្រជុំបានសម្រេចគាំទ្រគម្រោងបង្កើតរោងចក្រផលិតបារី និងស៊ីហ្គានេះ ។ អង្គប្រជុំក៏បានដាក់ចេញនូវលក្ខខណ្ឌ ៨ចំណុច ដើម្បីឲ្យក្រុមហ៊ុនអនុវត្តតាមមានដូចជា៖
១-ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងសំណល់រាវដែលចេញពីខ្សែសង្វាក់ផលិតកម្ម ដោយឆ្លងកាត់ប្រព្រឹត្តកម្មសំណល់រាវឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងយកសំណល់រាវដែលបានសម្អាតរួចយក ទៅស្រោចដើមឈើ រុក្ខជាតិ និងមួយផ្នែកទៀត បង្ហូរទៅក្នុងប្រឡាយ នៅមុខរោងចក្រ ដោយអនុលោមតាម ស្តង់ដាររបស់ក្រសួងបរិស្ថាន ។
២-ក្រុមហ៊ុនត្រូវមានផែនការកាត់បន្ថយក្លិនចេញពីរោងចក្រឱ្យបានត្រឹមត្រូវ ដោយបំពាក់ឧបករណ៍សម្អាតក្លិនចៀសវាងបង្កឱ្យមានការបំពុលខ្យល់ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាពបុគ្គលិក-កម្មករ និងការរស់នៅរបស់ប្រជាពលរដ្ឋក្បែរទីតាំងគម្រោង ។
៣-ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើក្នុងបរិវេណទីតាំងគម្រោងរបស់ក្រុមហ៊ុន ដើម្បីបង្កើត តំបន់បៃតង។
៤-ក្រុមហ៊ុនត្រូវផ្តល់សម្ភារឧបករណ៍សុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ រួមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ។
៥-ក្រុមហ៊ុនធ្វើការពិនិត្យសុខភាពបុគ្គលិក-កម្មករ រៀងរាល់ ៦ខែ/ម្តង។
៦-ក្រុមហ៊ុនត្រូវផ្តល់ឱកាលការងារដល់ប្រជាជនមូលដ្ឋានចូលបម្រើការងារក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងចូលរួមអភិវឌ្ឍន៍ភូមិ-ឃុំទៅតាមលទ្ធភាព។
៧-ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការរៀបរាប់ដែលមាននៅក្នុងរបាយការណ៍ IESIA ។
៨-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល និងបញ្ចូលមតិយោបល់ចូលក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ៕