ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតអញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែកនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក)ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានប្រគេននិងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។

ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ។

នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ សម្តេចទាំងទ្វេបានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជាដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១ បិណ្ឌ២ និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។

សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះគឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញានិងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩ ៕