ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មថា៖ កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងទេសចរណ៍ ពីប្រទេសចិន

ណាននីង,ក្វាងស៊ី ប្រទេសចិន៖ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។

លោកឈួន​ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី ប្រទេសចិន។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្តីពី “កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “អាស៊ាន-ចិន លើកទី១៦” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។

លោក ឈួន ដារ៉ា បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោក បានបញ្ជាក់ទៀតថា ខេត្តក្វាងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជា ដោយយោងតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងស៊ី មានចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ហើយនឹងកើនឡើងប្រហែល ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន កើនឡើងជារៀងរាល់ឆ្នាំ និងបញ្ជាក់អំពីមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ៕