ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានត្រៀមលក្ខណៈរួចជាស្រាច់ ពីសន្តិសុខសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ជៀសវាងការកក់ស្ទះ បង្ករអសន្តិសុខដោយប្រការណាមួយ ជាពិសេសមិនមានការឡើងថ្លៃនៅក្នុងរដូវបុណ្យទាន ។
លោក ផុន គឹមឡុង តំណាងអ្នកគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឲ្យដឹងថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ គណៈកម្មការគ្រប់គ្រងកំពង់ចម្លង បានព្យាករថា ប្រជាពលរដ្ឋនឹងធ្វើដំណើរតាមឆ្លងកាត់កំពង់ចម្លងនេះច្រើន ក្នុងការចាកចេញពីទីក្រុងភ្នំពេញទៅស្រុកកំណើត និងការទៅធ្វើបុណ្យទានផ្សេងៗ បន្ទាប់ពីនៅត្រើយខាងកើតនៃដងទន្លេរមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់គ្នាខ្វាត់ខ្វែង ឆ្ពោះទៅភូមិ ឃុំ ស្រុក ខេត្តនានា ។
លោក ផុន គឹមឡុង បានបញ្ជាក់ថា កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មានសាឡាងចំនួន៦ ក្នុងនោះភ្នំពេញ- អរិយក្សត្រចាប់បើកពីម៉ោង ៤ព្រឹក រហូត ១០យប់, និងភ្នំពេញ-ជ្រោយចង្វារ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៩យប់ ។
ចំពោះ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងកាត់ តាមកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទាននោះឡើយ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រមិនមានការឡើងថ្លៃ ឬការយកតម្លៃសេវាខុសពីថ្ងៃធម្មតា ពោលគឺអនុវត្តន៍តាមសៀវភៅបន្ទុករបស់ក្រសួង-ស្ថាប័នដាក់ជូន ក្រៅពីនេះកំពង់ចម្លងមានភាពអនុគ្រោះដល់អ្នកធ្វើដំណើរផ្សេងៗទៀតដូចជា ប្រជាពលរដ្ឋឆ្លងទៅមករៀងរាល់ថ្ងៃ សិស្សនិស្សិត ស្រ្តីមានផ្ទះពោះ ឬអ្នកជម្ងឺជាដើម ។
លោក ផុន គឹមឡុង បានលើកឡើងថា ដើម្បីបង្កើលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងរហូតដល់បុណ្យភ្ជុំរួច កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានត្រៀមលក្ខណៈរួចជាស្រាច់ ពីសន្តិសុខសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ដោយបានរៀបចំដូចជា ឧបករណ៍ការពារសុវត្ថិភាពនៅតាមសាឡាងនីមួយៗ ការរៀបចំចាក់គ្រួសនៅចំណតកំពង់ផែរ កុំឲ្យរអិល និងការរៀបចំកំលាំងសន្តិសុខជាដើម ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ចៀសវាងការកក់ស្ទះ ឬការបង្ករអសន្តិសុខដោយប្រការណាមួយ ៕