ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

 

ភ្នំពេញ ៖  វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  និងការងាររបស់រាជរដ្ឋាភិបាល។

រដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ​។

លោក បន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង  ហើយកម្ពុជាមិនមានអ្វីសម្រាប់ធ្វើការបែងចែកនៅក្នុងសង្គមជាតិវិញនោះទេ ពិសេសការកាត់បន្ថយភាពក្រីក្រ។

លោក វង្សី វិស្សុត បញ្ជាក់ថា បច្ចុប្បន្នការចូលរួមរបស់កម្លាំងពលកម្ម ជាការរុញកំណើនទៅថ្ងៃមុខ គឺកម្ពុជាគ្មានជំរើសអ្វីផ្សេង ក្រៅពីកត្តាផលិតភាពការងារ និងការបង្កើនការវិនិយោគ ជំនាញ និងបច្ចេកវិទ្យា ព្រមទាំងការបង្កើតក្បាលម៉ាស៊ីនថ្មី និងធ្វើទំនើបកម្មក្បាលម៉ាស៊ីនចាស់ដែលមានស្រាប់នោះទេ ។  ដូចនេះជំនាញដើរតួនាទីធំណាស់ ក្នុងការកសាងក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាការទាក់ទាញឧស្សាហកម្មថ្មីៗតាមរយៈការវិនិយោគពីក្រៅប្រទេស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដោយបានប្រើប្រាស់ថវិការាជរដ្ឋាភិបាលចំនួន ៥ លានដុល្លារអាមេរិក និងបានទទួលការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់ប្រមាណ ១០ លានដុល្លារអាមេរិក៕