ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននឹងកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ហើយនេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជានៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
លោករដ្ឋមន្រ្តីបានលើកឡើងថាកម្ពុជានិងជប៉ុនមានចំណងមិត្ត ភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ច សហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត។
សម្រាប់ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង១,៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ កើនប្រមាណ១០%ធៀបទៅឆ្នាំ២០១៧ហើយអាចកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ នាពេលខាងមុខ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានស្ថេរភាពនយោបាយពេញលេញកម្ពុជាមានកំ ណើនសេដ្ឋកិច្ចប្រមាណ៧,២អស់រយ:ពេលជាងពីរទសវត្សរ៍មកនេះ។
ទន្ទឹមនឹងនេះក្រុមហ៊ុនជប៉ុនជាច្រើនបាននឹងកំពុងពង្រីកអាជីវកម្មនៅកម្ពុជានិងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយជាមួយគ្នានេះផងដែរផ្សារអ៊ីអនទីបីនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។
សម្រាប់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូបានគូសបញ្ជាក់ថា ចំនួនវិនិយោគិននិងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែលជួយឲ្យប្រជា ជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធនិងបានសង្កត់ធ្ងន់ថាកត្តាស្ថេរភាពនយោបាយបាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានប្រមាណ ៧,២%។
លោកបានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ចការផ្គូរផ្គងវិនិយោគិននិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។