ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាំងពីបានទទួលកសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊នប្រមូលសំរាម ស៊ិនទ្រី មិនដែលបំពេញការងារបានល្អឡើយ។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ក្រុមហ៊ុនស៊ីនទ្រី ធ្វើមិនបាន គឺប្រៀបដូចជាការអង្គុយប់ផ្សែង។ ដូច្នេះសម្តេចសម្រេចដកសិទ្ធិពីក្រុមហ៊ុនប្រមូលសំរាមនេះ គឺជាការវះកាត់នូវជំងឺរ៉ាំរៃ ដែលមិនទាន់ដោះស្រាយបាន។ ចំណែកការដកចេញពីវិប័យបត្រជាមួយអគ្គិសនីកម្ពុជា គឺជាការដោះស្រាយដ៏ល្អមួយ ព្រោះបណ្តោយទៅទៀត នាំឲ្យឈ្មោះអគ្គិសនីកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាឧទហរណ៍ជាក់ស្តែងថា «ថ្លៃអគ្គិសនីអស់ត្រឹម១០ដុល្លារ តែថ្លៃសំរាម២០ដុល្លារ ដូច្នេះយកអាតូចបង្ខូចអាធំតែម្តង។ ផ្ទះខ្លះ មិនមានសំរាមផង មិនដែលឃើញឡានទៅយកសំរាមផង ក៏យកលុយគេដែរ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រុមហ៊ុនប្រមូលសំរាមមួយនេះ ពូកែតែខាងទារលុយ ពីម្ចាស់ផ្ទះ តាមរយៈវិប័យបត្រអគ្គិសនី «គេបង់ថ្លៃអគ្គិសនី តែត្រូវបង់ថ្លៃសំរាមដែរ ខណៈសំរាមមិនទាន់បានដឹកផង។ ល្មមដល់ពេលដោះស្រាយបញ្ហានេះ ឲ្យប្រជាជនបានទទួលផលប្រយោជន៍ពីការកែទម្រង់នេះ»។
យោងតាមរបាយការណ៍ សំណល់សំរាមចំនួនប្រមាណជាង១ម៉ឺនតោនត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុងមួយថ្ងៃ ចំណែកមួយឆ្នាំ បរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត៤លានតោន។
នៅតាមបណ្តារាជធានី និងខេត្តធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង៣០០០តោនក្នុងមួយថ្ងៃ, ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ៤០០តោនក្នុងមួយថ្ងៃ។
តាមការប៉ាន់ប្រមាណ ភាគរយនៃប្លាស្ទិក ដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ១៧,៣ភាគរយ ក្នុងរាជធានីភ្នំពេញ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង៣៤ភាគរយ ក្នុងខេត្តព្រះសីហនុ។ ជាមធ្យម កំណើនសំរាមមានប្រមាណ១០ភាគក្នុងមួយឆ្នាំ ៕