ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្ដេចយាងសោយទិវង្គត  នៅមន្ទីពេទ្យក្រុងបាំងកក

ភ្នំពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរពេទ្យមួយ នាទីក្រុងបាំងកក ប្រទេស ថៃ ក្នុងព្រះជន្មា៧៦ព្រះវស្សា។

នេះយោងតាមការផ្សាយរបស់ផេហ្វេសប៊ុក Royal du Cambodge នៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា «សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៦ព្រះវស្សា នាវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទំព័ហ្វេសប៊ុក Royal du Cambodge បានចេញផ្សាយសារ និងរូបថត ជាហូរហែអំពីសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដោយរៀបរាប់ខ្លីៗ ឡើងវិញនូវស្នាព្រហស្ថរបស់ព្រះអង្គក្នុងវិស័យសិល្បះខ្មែរ។

សូមបញ្ជាក់ថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងត្រូវជារៀមបង្កើតមាតាទីទៃ នៃព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕