លោកបណ្ឌិត គីម ហ៊ាង បច្ចុប្បន្ននេះជានាយកក្រុមហ៊ុន KHMER REAL ESTATE Co.,LTD និងជាប្រធាន KW Cambodia ដែលមានអតីតកាលធ្លាប់ជាអ្នករត់តុ និងជាក្មេងបានស្នាក់អាស្រ័យនៅវត្តមហាមន្រ្តីរាជធានីភ្នំពេញ តស៊ូរហូតដល់ក្លាយបុគ្គលមានកេរ្តិ៍ឈ្មោះក្នុងសង្គមជាពិសេស វិស័យដីធ្លីតែម្តង ហើយថ្មីៗនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាកាលពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ ។
សូមរំលឹកថា យុវជន គីម ហ៊ាង បានចាប់កំណើតនៅភូមិបាវិតលើ ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង ស្របពេលកំពុងតែសិក្សានៅវិទ្យាល័យ ជាអកុសលមុខរបររកស៊ីក្នុងគ្រួសារចាប់ផ្ដើមធ្លាក់ចុះផងនោះ ស្រាប់តែអ្នកម្ដាយជា ទី ស្រឡាញ់ក៏បានស្លាប់ទៀតនៅក្នុងឆ្នាំ ១៩៩៧ ពេលនោះហើយ អ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងក្នុងមួយរំពេច។
ថ្វីបើជាជីវភាពគ្រួសារធ្លាក់ចុះ តែយុវជន គឹម ហ៊ាងមិនបោះបង់ចោលការតស៊ូនោះឡើយ ពោលនៅពេលដែលប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ ១៩៩៨ នៅវិទ្យាល័យស្វាយរៀងក៏បានសម្រេចចិត្តយកជីវិត និងក្ដីសុបិនទៅផ្សងព្រេងរស់ នៅរាជធានីភ្នំពេញ។
ដោយកាលនោះ យុវជនខាងលើមិនស្គាល់រាជធានីភ្នំពេញច្បាស់លាស់នៅឡើយទេ។ នៅពេលមកដំបូងជាភ័ពសំណាងទទួលបានអនុគ្រោះពីព្រះសង្ឃគង់នៅវត្តមហាមន្រ្តី និងបានឲ្យស្នាក់នៅបន្តការសិក្សា ដើម្បីបានថវិកា បន្ថែមទៀត រួចក៏ចាប់ផ្ដើមធ្វើជាអ្នករត់តុនៅក្លឹបកម្សាន្តឌីស្កូ និងKTV នៅអគារ Parkway ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង២ទាបភ្លឺជារៀងរាល់ថ្ងៃ ។
ការតស៊ូនេះបានធ្វើយុវជន គីម ហ៊ាង សម្រេចបំណងរបស់ខ្លួនរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កំឡុងឆ្នាំ១៩៩៨ ដល់២០០៣ ហើយបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យបៀលប្រាយរហូតជោគជ័យក្នុងឆ្នាំ២០០៦។
ទោះយ៉ាងណាយុវជនរូបនោះមិនភ្លេចបំណងដែលអ្នកម្តាយបានផ្តាំនៅនោះដែរ រហូតដល់ឆ្នាំ ២០០៧ ដើម្បីសម្រេចបំណងរបស់ម្ដាយតែម្តង និងបានបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ពេលនោះហើយ ដែលលោកបានបង្កើតមុខជំនួញមួយឈ្មោះ ក្រុមហ៊ុន KHMER REAL ESTATE Co.,LTD ហើយនោះនិងបន្ទាប់មកទៀតលោកបានក្លាយប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាកាលពីឆ្នាំ២០១៨។
លោកបណ្ឌិត គីម ហ៊ាង ក៏បានទិញសិទ្ធិ Master Franchiseពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅ សហរដ្ឋអាមេរិក និងលើពិភពលោកនាឆ្នាំ ២០១៧ រហូតដល់ជាង១០០០លានដុល្លារ និងមានភ្នាក់ងារសរុបចំនួន១៦៥ ៦៤២នាក់ទូទាំងពិភពលោក។
ចំពោះគោរំងារដ៏ថ្លៃថ្លានេះ លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា«ខ្ញុំបានសូមទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាដល់ទូលព្រះបង្គំជាខ្ញុំ នូវកិត្តិយសដ៏ថ្លៃថ្លានេះដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គមជាតិបន្តទៀត»។
លោកបណ្ឌិតបន្ថែមថា« ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអគ្គមង្គុទ្ទេសន៌ដ៏ឆ្នើមបំផុតរបស់កម្ពុជាដែលបានធ្វើអោយប្រទេសជាតិមានសន្តិភាព សេដ្ឋកិច្ចជាតិរីកចំរើននិងផ្តល់ឱកាសអោយខ្ញុំបាទបានទទូលគោរមងារ ជាឧកញ៉ានិងខ្ញុំបាទគោរពថ្លែងអំណរគុណដល់សម្តេចទាំងទ្វេរ»។